(កណ្ដាល)៖ នគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានឃាត់ខ្លួនចោរឆក់២នាក់ គ្រាដែលពួកគេបានធ្វើសកម្មភាពឆក់កាបូបដៃពលរដ្ឋ នៅតាមផ្លូវបណ្ដាលឱ្យរបួស ៣នាក់ប្ដី-ប្រពន្ធ កូន រីឯខាងអង្គរក្សម្នាក់រងរបួសចំកញ្ចឹងកផងដែរ ដោយសារត្រូវមួយដុំថ្មរបស់ក្រុមចោរ។ នៅក្នុងហេតុការណ៍នេះ ពេលឃើញចោរឆក់ហើយព្យាយាមបើករត់ នគរបាលក្រុងតាខ្មៅ និងក្រុមអង្គរក្ស តាមប្រដេញពីក្រោយយ៉ាងប្រសេចប្រសាចផ្អើលក្រុងតាខ្មៅ ដូចក្នុងរឿងហុងកុង ហើយឈានដល់ការចាប់ខ្លួនចោរឆក់ដៃឆើតបានសម្រេច។

សកម្មភាពប្រដេញចាប់ចោរដៃឆើតនេះ បានបង្កការភ្ញាក់ផ្អើលនៅម៉ោង ៣ទៀបភ្លឺថ្ងៃទី៣០ ខែមេសា កន្លងទៅ ចំណុចតាមផ្លូវ២១ មុខផ្ទះសំណាក់ភ្នំមាស ភូមិសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅឱ្យ Fresh News ដឹងថា ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត កម្លាំងនគរបាលក្រុងតាខ្មៅ បានបង្រ្កាប មុខសញ្ញាឆក់យ៉ាងសកម្មមួយសំបុកទៀត ក្រោយធ្វើសកម្មភាពភ្លាមៗ។

លោកបន្តថា ជនរងគ្រោះមានគ្នាចំនួន ៣នាក់ ប៉ុន្តែពុំស្គាល់ឈ្មោះឡើយ ព្រោះពេលមានគ្រោះថ្នាក់ភ្លាម សាច់ញាតិបានមកយកទៅមន្ទីរពេទ្យបាត់ និងគ្មានដាក់ពាក្យប្ដឹងនោះដែរ ដោយដឹងតែពួកគេមានរបួសស្នាមដូចជា៖

*ឪពុករងរបួសបែកក្បាល
*ម្តាយរងរបួស
*កូនស្រីអាយុប្រហែលជាង ១០ឆ្នាំ សន្លប់បាត់ស្មារតី។

រីឯជនសង្ស័យវិញ មានគ្នាចំនួន២នាក់៖

*ទី១៖ ឈ្មោះ មឿនរដ្ឋា អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ ពិសិដ្ឋ វឌ្ឍនៈ អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

ចំពោះវត្ថុងតាងចាប់យកបានរួមមាន៖

*ទី១៖ ម៉ូតូ ១គ្រឿង ម៉ាក Honda c125 ពណ៌ស សេរី២០១៧ ផ្លាកលេខ ភ្នំពេញ 1GM-6229 (របស់ជនសង្ស័យ)
*ទី២៖ កាបូបដាក់លុយពណ៌ខ្មៅចំនួន ២ (របស់ជនសង្ស័យ)
*ទី៣៖ ទូរស័ព្ទចំនួន ១គ្រឿង iphon ៨ plus ពណ៌ស (របស់ជនសង្ស័យ)
*ទី៤៖ លុយដុល្លាចំនួន៦ដុល្លារ
*ទី៥៖ លុយខ្មែរចំនួន ៧២៨០០ម៉ឺនរៀល
*ទី៦៖ ដុំថ្មចំនួន ២ដុំ។

លោកអធិការ បានរៀបរាប់សាច់រឿងថា កាលពីពេលវេលាកើត ជនរងគ្រោះ៣នាក់ ឪពុកម្តាយ និងកូនស្រី បាននាំគ្នាជិះម៉ូតូដឹកត្រីទៅលក់នៅផ្សារ ដោយឪពុកជាអ្នកបើកម៉ូតូ ចំណែកម្តាយ និងកូនស្រី អង្គុយខាងក្រោយលើកេះដាក់ឡាំត្រី។

ពេលនោះស្រាប់តែឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿងបានធ្វើសកម្មភាពឆក់កាបូបរបស់គាត់ បណ្តាលឲ្យជនរងគ្រោះទាំង ៣នាក់ដួលម៉ូតូលើថ្នល់ មានរបួសស្នាមទាំងអស់គ្នា។ ជួនពេលនោះ ក៏ជួបនឹងកម្លាំងល្បាតរបស់បញ្ជាការដ្ឋានអង្គរក្ស ក៏បានជិះដេញតាម តែត្រូវជនសង្ស័យយកដុំថ្មគប់ទៅលើកម្លាំងអង្គរក្សចំកខាងឆ្វេងបណ្តាលឲ្យមានរបួសស្នាម។

លោកបន្តទៀតថា ក្រោយកើតហេតុជនរងគ្រោះទាំង ៣នាក់ ត្រូវបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបាត់ទៅ រួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ បានប្រដេញចាប់ខ្លួនចោរឆក់នោះប្រសេចប្រសាច ទំរាំចាប់បានជនសង្ស័យ និងវត្ថុតាងយកមកចាត់ការតាមនីតិវិធីតែម្តង។

លោកអធិការបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់កាបូបគេបានសម្រេចចំនួន ២ដង គឺលើកទី១ នៅគល់ស្ពានព្រែកសំរោងកាលពី ៣ខែមុន បានទូរស័ព្ទ ១គ្រឿង និងលើកចុងក្រោយដូចករណីរៀបរាប់ខាងលើមិនបានសម្រេច ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពិតប្រាកដមែន។

ជនសង្ស័យទាំង២រូប ត្រូវបាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងតាមនីតិវិធី៕