(ភ្នំពេញ)៖ ជំងឺកូវីដ១៩ ត្រូវបានគេចាត់ទុកជារោគរាតត្បាតដ៏ចង្រៃមួយនាពេលបច្ចុប្បន្ន ហើយបានបង្កទៅជាបញ្ហា និងវិបត្តិជាច្រើនសម្រាប់សង្គម និងមនុស្សជាតិនៅលើពិភពលោក។
តែទន្ទឹមនឹងការបង្កជាវិបត្តិជំងឺកូវិដ១៩ ត្រូវបានគេមើលឃើញថា ផ្តល់នូវគុណសម្បត្តិ និងចំណុចល្អមួយចំនួនផងដែរ។ សម្រាប់ពិភពលោក គេបានមើលឃើញថា ជំងឺនេះបានចូលមកស្រោចស្រង់ភពផែនដីពីការបំពុលទាំងឡាយ ដែលបង្កឡើងដោយសកម្មភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងឧស្សាហកម្មផ្សេងៗនោះ។
ចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះឡើង គេបានមើលឃើញថា ការបំណុលទៅក្នុងបរិយាកាសត្រូវបានកាត់បន្ថយ បន្ទាប់ពីផ្សែងពុលបំភាយចេញដំណើរការយានយន្ត និងឧស្សាហកម្មនានា ត្រូវបានបញ្ឈប់។
សម្រាប់នៅកម្ពុជា បើទោះបីថា ជំងឺកូវីដ១៩ បង្កជាគុណវិបត្តិផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរយ៉ាងណាក្តី តែគេបានមើលឃើញថា ជំងឺនេះបានរួមចំណែកជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមវិស័យនានាទាំងរដ្ឋ និងឯកជន តាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែលើកបង្ហាញពីបំណងបង្កើត E-government ដែលមានការបញ្ចូលប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានកាន់តែច្រើន ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការផ្តល់សេវាទាំងឡាយជូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័ស។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏តែងចង់ឱ្យប្រជាពលរដ្ឋខ្មែរចាប់បន្សាំខ្លួនជាមួយប្រព័ន្ធបច្ចេកវិទ្យា ជាមួយប្រព័ន្ធឌីជីថលផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពលើការងារអាជីវកម្ម និងរបររកស៊ីទទួលទានទាំងឡាយ។
ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា បើទោះបីថាមានការវិវឌ្ឍច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងណាក្តី។ តែការវិវឌ្ឍនេះ ត្រូវបានមើលឃើញថា នៅមានកម្រិតនៅឡើយទាំងក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន។
ប៉ុន្តែក្រោយពេលជំងឺកូវីដ១៩ បានរីករាលដាលចូលក្នុងប្រទេសកម្ពុជា ដើម្បីជាវិធានការទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩ ដោយរក្សាគម្លាត និងកាត់បន្ថយការជួបគ្នានោះ ទាំងនៅស្ថាប័នរដ្ឋ និងឯកជន ចាប់ផ្តើមបង្ខំចិត្តងាកមកចាប់យកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល ដើម្បីសម្រួលដល់ការងារ។
ទាំងរដ្ឋ និងឯកជន ការងារជាច្រើនដូចជាឯកសារនានា ត្រូវបានប្រែក្លាយទៅជាទម្រង់ឯកសារឌីជីថល ហើយបញ្ជូនឱ្យគ្នាតាមរយៈបណ្តាញទំនាក់ទំនងមួយចំនួន ដូចជា Telegram, WhatsApp, Messeger ឬបណ្តាញផ្សេងៗទៀត។ ការប្រែក្លាយមកប្រើទម្រង់ឯកសារឌីជីថល ធ្វើឱ្យស្ថាប័នរដ្ឋ និងឯកជនកាត់បន្ថយការចំណាយលើក្រដាសកិច្ចការ ហើយចរន្តការងារក្នុងការបញ្ជូនឯកសារនេះមានល្បឿនលឿនជាងមុនផងដែរ។
ក្រៅពីនេះកិច្ចប្រជុំមួយចំនួនបានប្តូរពីការជួយមុខគ្នាដោយផ្ទាល់ ងាកមកបើកកិច្ចប្រជុំតាមអនឡាញ និងការជជែកពិភាក្សាការងារផ្សេងៗ ក៏បានងាកមកធ្វើតាមអនឡាញជំនួសវិញផងដែរ។
មិនត្រឹមតែក្នុងវិស័យការងារទាំងរដ្ឋ និងឯកជននោះទេ ក្នុងវិស័យអប់រំ ក៏បានប្រែក្លាយមកជំរុញការប្រើប្រាស់ឌីជីថល ដើម្បីបម្រើដល់ការអប់រំផងដែរ។
ដោយមើលឃើញពីគុណតម្លៃនៃឌីជីថល និងពីនិន្នាការវិវឌ្ឍន៍របស់ឌីជីថលនៅលើពិភពលោកក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្មលើកទី៤នោះ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យមានការការអភិវឌ្ឍការអប់រំបែបឌីជីថលនៅតាមគ្រឹះស្ថានអប់រំ។ ប៉ុន្តែដោយសារតែការវិនិយោគនៅមានកម្រិតធ្វើឱ្យការអភិវឌ្ឍផ្នែកឌីជីថលនៅតាមគ្រឹះស្ថានអប់រំ មិនមានការវិវឌ្ឍប៉ុន្មាននោះឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានលើកឡើងថា នៅមុនពេលមានជំងឺកូវីដ១៩ចូលមកដល់ ការយកចិត្តទុកដាក់ទៅការបញ្ចូលប្រព័ន្ធឌីជីថល ទៅក្នុងការអប់រំមិនសូវជាមានសន្ទុះខ្លាំងនោះឡើយ។
តែលោក វ៉ាន់ដា បានកត់សម្គាល់ឃើញថា ក្រោយពេលជំងឺកូវីដ១៩ ចូលមកដល់ ហើយរាជរដ្ឋាភិបាលសម្រេចបិទទ្វារសាលាដើម្បីទប់ស្កាត់ការចម្លងជំងឺនោះ គ្រឹះស្ថានអប់រំ ជាពិសេសវិស័យអប់រំឯកជន បានចាប់ផ្តើមប្រវេប្រវាក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីផ្តល់ការអប់រំដល់សិស្សរបស់ខ្លួន។
យុគ្គសម័យឌីជីថល និងបច្ចេកទំនើបនាពេលបច្ចុប្បន្ននេះ ទីផ្សារការងារមានការប្រកួតប្រជែងគ្នាជាខ្លាំងជាពិសេសតម្រូវការអ្នកមានសមត្ថភាពផ្នែកឌីជីថលខ្ពស់។ សម្រាប់កម្ពុជា មានការជជែកគ្នាច្រើនថា ការយល់ដឹងផ្នែកឌីជីថល របស់ប្រជាពលរដ្ឋកម្ពុជានៅមានកម្រិតដែលនាំឱ្យការប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការងារផ្សេងៗជួបឧបសគ្គ និងពិបាកប្រកួតប្រជែងជាមួយប្រទេសជិតខាង ក៏ដូចជាលើពិភពលោកផងដែរ។
លោក ហេង វ៉ាន់ដា បានមើលឃើញថា ការរាតត្បាតជំងឺកូវីដ១៩ បានក្លាយជាឱកាសមួយរបស់កម្ពុជាក្នុងការអភិវឌ្ឍលើឌីជីថលក្នុងវិស័យអប់រំ។ លោកបានលើកឡើងថា ការបង្រៀនតាមអនឡាញ អាចបង្កឧបសគ្គមួយចំនួននៅពេលដំបូងសម្រាប់សិស្សានុសិស្សកម្ពុជា ព្រោះវាជារឿងថ្មី។
តែលោកប្រធានសាមគមគ្រឹះស្ថានឧត្តមសិក្សារូបនេះ បានមើលឃើញថា នៅពេលមានការជួយតម្រង់ទិសមួយចំនួនពីអាណាព្យាបាល សិស្សានុសិស្សទាំងអស់អាចសម្របខ្លួនបានជាមួយបរិយាកាសអប់រំថ្មីនេះ ហើយក៏ជួយឱ្យសិស្សមានការយល់ដឹងទម្រង់ការងារបែបឌីជីថល និងបានទទួលពុទ្ធិថ្មីបែបឌីជីថលផងដែរ។
ការសិក្សាអនឡាយមួយរយៈពេលក្រោយកម្ពុជាជួបវិបត្តិកូវីដ១៩នេះ គេបានសង្កេតឃើញថា សិស្សខ្មែរជាច្រើន បានចាប់វិវឌ្ឍន៍ខ្លួន និងទទួលបានចំណេះដឹងថ្មីមួយទៀតដោយមិនដឹងខ្លួន គឺការយល់ដឹង និងចេះប្រើប្រាស់កុំព្យូទ័រ ការប្រើប្រាស់កម្មវិធីផ្សេងៗពាក់ព័ន្ធការសិក្សា រួមទាំងការចេះស្រាវជ្រាវរកមេរៀនតាមអនឡាញផងដែរ។
លោក ហេង វ៉ាន់ដា បានស្នើឱ្យអាណាព្យាបាលសិស្សទាំងឡាយកុំទោមនស្សចំពោះការសិក្សាអនឡាញនេះ ហើយចូលរួមជួយតម្រង់ទិសមួយរយៈពេលខ្លីចំពោះកូនៗរបស់ខ្លួន។ បន្ទាប់ពីនោះទៅសិស្សានុសិស្ស នឹងអាចយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងនេះ ហើយនឹងនាំមកនូវកាលានុវត្តន៍ភាពថ្មីផ្នែកឌីជីថលសម្រាប់ពួកគេស្របតាមនិន្នាការវិវឌ្ឍន៍របស់ពិភពលោក៕