កម្លាំងជលផលចុះបង្ក្រាប និងចាប់ខ្លួនជនជាតិ វៀតណាម៣នាក់ ពេលកំពុងនេសាទខុសច្បាប់ នៅតំបន់អភិរក្ស
12-01-2016 12:01
(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានរដ្ឋបាលជលផល សង្កាត់រលាប្អៀរ សង្កាត់ជលគីរី សហការកម្លាំងយោធា និងសហគមន៍នេសាទ ដឹកនាំដោយ លោក យីម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ នៅវេលាម៉ោងប្រមាណ៩ យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ បានចុះបង្ក្រាប ចាប់ទូករុញប្រើប្រាស់ម៉ាស៊ីន ដោយឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៣នាក់ ខណៈពួកគេកំពុងធ្វើការ នេសាទខុសច្បាប់ នៅតំបន់អភិរក្ស។
មន្រ្តីរដ្ឋបាលជលផល បានឲ្យដឹងថា ជនជាតិវៀតណាមទាំងនេះ បានធ្វើការនេសាទខុសច្បាប់ ស្ថិតនៅ ចំណុចព្រែកស្តីដកគង ក្នុងដែនអភិរក្សជលផលទី៧ អតីតឡូត៌លេខ១០ ភូមិជើងគ្រួសឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជនជាតិវៀតណាមទាំងនេះ រួមមានទី១ឈ្មោះ ង្វៀង យ៉ាំងទឹង អាយុ៣១ឆ្នាំ ទី២ឈ្មោះ ប៊ូយ យ៉ាំងតេវ អាយុ២០ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងទី៣ឈ្មោះ សេង ហុង អាយុ៥៤ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់ស្រែព្រីង ក្រុងកំពង់ឆ្នាំង៕