(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងនៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំសមាជិកសមាជិកា នាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ចែកជូនប្រជាពលរដ្ឋដែលមានជីវខ្វះខាត ចាស់ជរា ស្ត្រីមេម៉ាយ ជនងាយរងគ្រោះចំនួន ៣ភូមិ រួមមាន ភូមិស្រែត្រាវ ១៥គ្រួសារ ភូមិស្រែថ្មី ១៥គ្រួសារ និងភូមិថ្មស ៧០គ្រួសារ ក្នុងឃុំថ្មស ស្រុកបូទុមសាគរ សរុបចំនួន ១០០គ្រួសារ។
នាឱកាសនោះលោកស្រី មិថុនា ភូថង បានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ-១៩ ជាជំងឺឆ្លងមានហានិភ័យខ្ពស់ដែលមានការរីរាលដាលនៅលើពិភពលោកក៏ដោយ តែកាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរនោះឡើយ ពោលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិត ឬឆ្ងាយ ព្យុះភ្លៀងឡើយ គឺក្រុមការងារកាកបាទក្រហមកម្ពុជាតែងតែទៅដល់ភ្លាម។
លោកស្រីអភិបាលខេត្ត បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺឆ្លងកូវីដ-១៩ ដោយត្រូវថែទាំសុខភាព ធ្វើអនាម័យជាប់ជានិច្ចជាប្រចាំក្នុងការរស់នៅ ពិសេសអនុវត្តឲ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ និងពីក្រុមលោកគ្រូពេទ្យ ហើយត្រូវចូលរួមទប់ស្កាត់ការរីករាលដាលមេរោគជំងឺកូវីដ-១៩ បន្តទៀត។
លោកស្រីបានបន្ថែមថា បើបងប្អូនមានការសង្ស័យពីសុខភាពខ្លួនឯង ឬកូនចៅ ខុសពីប្រក្រក្រតីបងប្អូនត្រូវអញ្ជើញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានបងប្អូនភ្លាមៗ ដើម្បីឲ្យលោកគ្រូពិនិត្យសុខភាព ឬធ្វើការព្យាបាល និងផ្តល់ប្រឹក្សាជូន ហើយសូមបងប្អូនធ្វើការអនាម័យជាប់ជានិច្ច តាមការណែនាំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។
អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្រីក្រទាំង ១០០គ្រួសារ គឺក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២០គីឡូក្រាម, គ្រឿងឧបភោគបរិភោគ, អាវយឺត, ទឹកអាល់កុលលាងដៃ, ថ្នាំមូស ១ដប, បណ្ណប្រកាសស្តីពីអនាម័យ ១សន្លឹក និងថវិកាមួយចំនួនផងដែរ៕