(សៀមរាប)៖ ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរបានជាច្រើនប្រភេទ ដូចជា សត្វទោចមកុដចំនួន ១០ ក្បាល សត្វឈ្លូសចំនួន ៤ ក្បាល សត្វស្វាព្រាមចំនួន ១២ ក្បាល សត្វសំពោចក្រអូបចំនួន ៥ ក្បាល សត្វភេខ្លួនរលោងចំនួន ៥ ក្បាល ដែលមកដល់ពេលនេះសត្វទាំងអស់នោះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។
ដោយឡែកសត្វទោចមកុដចំនួន ៣ សំបុក ដែលក្នុងនោះនៅក្បែរប្រាសាទតានៃមានចំនួន ៥ ក្បាល ទើបតែកើតបានកូនមួយបន្ថែម ដែលមានអាយុប្រហែល ៤ សប្តាហ៍ហើយ។
ក្រៅពីនោះ សត្វទោចមកុដផ្សេងទៀតដែលបានដោះលែងនាពេលកន្លងមក គឺនៅខ្លោងទ្វារខ្មោចមានចំនួន ៤ ក្បាល និងនៅខ្លោងទ្វារតាកាវមានចំនួន ២ ក្បាល កំពុងផ្សាំក្នុងទ្រុង ហើយគ្រោងនឹងដោះលែងនៅរដូវវស្សាខាងមុខនេះ។ សរុបនៅឧទ្យានអង្គរ សត្វទោចមកុដទាំងអស់មានចំនួន ១១ ក្បាល។
ក្នុងពេលឆាប់ៗខាងមុខនេះក្រុមការងារគ្រោងនឹងយក ២ ក្បាលបន្ថែមទៀតដាក់នៅក្បែរបឹងសន្ធមារ (ខាងជើងឈៀងខាងលិចក្នុងបរិវេណតំបន់អង្គរធំ) ក្រោយពីសង់ទ្រុងសម្រាប់ផ្សាំរួចរាល់។
ចំពោះសត្វភេខ្លួនរលោង ដែលគម្រោងបានដោះលែងចំនួន ៥ ក្បាលកន្លងមក ពេលនេះកើតបានកូនចំនួន ២ បន្ថែម ដែលកូនភេទាំង ២ នោះមានអាយុប្រហែល ៣ ខែហើយ។
ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ បានអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់អង្គរ សូមត្រូវចូលរួមថែរក្សាសត្វទាំងនោះទាំងអស់គ្នា៕