(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា និងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ម្ចាស់រថយន្ដបានយករថយន្ដរបស់ខ្លួនទៅឆៀក ចំនួន៨,៥៧៧គ្រឿង នៅទូទាំងប្រទេស ក្រោយសមត្ថកិច្ចប្រកាសរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ផាកពិន័យតាមអនុក្រឹត្យលេខ៣៩។
យោងតាមរបាយការណ៍របស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញថា៖
*នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅទូទាំងប្រទេស ទទួលឆៀករថយន្ដបានចំនួន ៤,៤៣២គ្រឿង
*នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅទូទាំងប្រទេស ទទួលឆៀករថយន្ដបានចំនួន ៤,១៤៥គ្រឿង។
ជាការកត់សម្គាល់ ការយករថយន្ដសម្រុកទៅឆៀកនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើនការផាកពិន័យ ចំពោះអ្នកបើកបរល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ហើយត្រូវគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំណត់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០២តទៅ។
សូមជម្រាបថា ក្នុងអនុក្រឹត្យថ្មីស្តីពីការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បានកំណត់ថា អ្នកបើកបរដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេទេសយាន ឬប្រើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈហួសសុពលភាព ត្រូវពិន័យទឹកប្រាក់ចំនួន ១៨ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និងពិន័យទឹកប្រាក់ ៣៧ម៉ឺន ៥ពាន់រៀល សម្រាប់យានយន្តធុនធ្ងន់៕