(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញមកបញ្ជាក់ថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចររថយន្តដឹកកម្មករបុក គ្នានៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺនាព្រឹកមិញនេះ អ្នកស្លាប់បានកើនឡើងដល់ ៥នាក់ ខណៈអ្នករងរបួសមានចំនួន ៦៨នាក់។

នៅម៉ោងប្រមាណ ៦៖៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ រថយន្តដឹកកម្មករ-កម្មការិនី ពីរគ្រឿងបានបុកគ្នានៅលើផ្លូវ ជាតិលេខ៤១ ក្នុងភូមិជ្រៃត្រកួន ឃុំរកាកោះ ស្រុកគងពិសី ជាប់ព្រំប្រទល់នឹងស្រុកសំរោងទង។

គ្រោះថ្នាក់នេះ បណ្តាលឲ្យកម្មករ២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ស្លាប់ពេលដឹកបញ្ជូនទៅសង្រ្គោះ តែរហូមកដល់ម៉ោង ១១ព្រឹកនេះ អ្នកស្លាប់បានកើនដល់ ៥នាក់ហើយ ខណៈអ្នករងរបួសមានចំនួន ៦៨នាក់។ នេះបើតាមការបញ្ជាក់របស់ក្រសួងការងារ។

នៅក្នុងលិខិតនេះ ក្រសួងការងារ បានចូលរួមរំលែកនូវសេចក្តីទុក្ខក្រៀមក្រំ ក្តុកក្តួល សោកស្តាយ អាឡោះអាល័យ ជាទីបំផុតជា  មួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់ជនរងគ្រោះ ហើយបងសួងដល់វិញ្ញាណក្ខន្ធកម្មករ-កម្មការិនី ដែលទទួលបានមរណ ភាព បានសោយសុខក្នុងសគតិភពកុំបីឃ្លៀងឃ្លាត និងជូនពរឲ្យរងរបួសបានជាសះស្បើយ។

កម្មករ-កម្មការិនី ដែលជួបគ្រោះថ្នាក់នេះ បម្រើការនៅរោងចក្រ NOUW CORP ជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប. ស.ស) ហើយជាគ្រោះថ្នាក់ការងារ រាល់ការព្យាបាលរហូតដល់ជាសះស្បើយជាបន្ទុករបស់ ប.ស.ស ។ អ្នកស្លាប់ ប.ស.ស ផ្តល់ ៤លានរៀលសម្រាប់ចាត់ចែងពិធីបុណ្យសព និងមានផ្តល់បន្ថែមទៀតនូវរបបឧបត្ថម្ភក្រុមគ្រួសារ ប្តី ប្រពន្ធ កូន ជនចាស់ជរា ឪពុក ម្តាយ ជីដូន ជីតា ជាដើម។

លោក ជាវ ប៊ុនរិទ្ធ បានឱ្យដឹងថា ខណៈពេលនេះក្រុមការងារប.ស.ស មួយចំនួនកំពុងនាំយកថវិការំលែកទុក្ខក៏ដូចជាថវិកាចាត់  ចែងបុណ្យសព ជូនដល់គ្រួសារសពកម្មករដល់ផ្ទះរបស់ពួកគេ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ត្រូវបាន ប.ស.ស បង្ហាញអត្តសញ្ញាណ ៤នាក់ហើយ ទី១- ឈ្មោះ ស៊ីម ខុម ភេទស្រី អាយុ ៣៣ឆ្នាំ រស់ភូមបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី, ទី២-ឈ្មោះ ណុប លីម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុក គងពិសី , ទី៣-ឈ្មោះ ស្រីប៉ិច រស់នៅភូមិភ្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី និងទី៤-ឈ្មោះ អ៊ីវ សុខមុំ អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រះ ម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ៕

គ្រោះថ្នាក់ចរាចរនៅកំពង់ស្ពឺ

Posted by Sheet on Monday, January 11, 2016

នៅក្នុងលិខិតនេះ ក្រសួងការងារ បានចូលរួមរំលែកនូវសេចក្តីទុក្ខក្រៀមក្រំ ក្តុកក្តួល សោកស្តាយ អាឡោះអាល័យ ជាទីបំផុតជា មួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់ជនរងគ្រោះ ហើយបងសួងដល់វិញ្ញាណក្ខន្ធកម្មករ-កម្មការិនី ដែលទទួលបានមរណ ភាព បានសោយសុខក្នុងសគតិភពកុំបីឃ្លៀងឃ្លាត និងជូនពរឲ្យរងរបួសបានជាសះស្បើយ។