(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅរយៈពេល៤ខែដំបូងដើមឆ្នាំនេះ កម្ពុជានាំចេញអង្ករបានចំនួន៣០ម៉ឺនតោន កើនឡើង៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានគត់សម្គាល់ឃើញថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល៤ខែដើមឆ្នាំដូចគ្នាប្រៀបធៀបនឹងឆ្នាំ២០១៩ មានកំណើនគួរកត់សម្គាល់ គឺ សហភាពអឺរ៉ុបកើនចំនួន៤៨.៤៩% ប្រទេសចិនកើនចំនួន២៨.៤៨% ប្រទេសអាស៊ានកើនចំនួន២៩.៤៨% និងប្រទេសដទៃទៀតកើនចំនួន៧៩.០២%។
ប្រទេសចិននៅតែឈរលំដាប់លេខ១ ទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺជាង១២ម៉ឺនតោន, អឺរ៉ុបស្រូបយកអង្កររបស់កម្ពុជាជិត១០ម៉ឺនតោន, តំបន់អាស៊ានស្រូបយកអង្ករពីកម្ពុជាជិត៤ម៉ឺនតោន។
សូមជម្រាបថា នៅឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបាន៦២ម៉ឺនតោន ទៅកាន់ទីផ្សារប្រមាណ៦០ប្រទេស លើពិភពលោក៕