(កំពង់ឆ្នាំង)៖ គម្រោងកសាងអគារពន្ធនាគារថ្មី ក្នុងខេត្តកំពង់ឆ្នាំង បានដំណើរការហើយ នៅលើដីចំនួន១៥ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ មានចម្ងាយពីទីរួមខេត្ត ជាង១០គីឡូម៉ែត្រ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការនៅក្នុងខេត្ត បានប្រារពធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលា ដើម្បីកសាងពន្ធនាគារថ្មី នៅចំណុចខាងលើនេះ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ម្សិលមិញ។
លោក ពៅ វុទ្ធី ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តាមគម្រោងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ពន្ធនាគារថ្មីនឹងសាងសង់នៅលើដី ចំនួន១០ហិកតា។ ចំណែកដី៥ហិកតាទៀត នឹងសាងសង់មន្ទីរអប់រំបន្សាបគ្រឿងញៀន ដែលនេះគឺជាគម្រោងដ៏ល្អមួយ សម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង។
លោក ពៅ វុទ្ធី បានបន្តថា ពន្ធនាខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន ស្ថិតនៅកណ្តាលទីក្រុងកំពង់ឆ្នាំង ក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលមានទំហំដីសរុបតែជាង ១ហិកតាតែប៉ុណ្ណោះ ដែលបានកសាងឡើងនៅក្នុងជំណាន់អាណានិគមបារាំង អំឡុងទស្សវត្ស៤០។ ដោយឡែក ក្នុងពេលនេះមានអ្នកទោសកំពុងរស់នៅជាង ៨០០នាក់ ដែលកន្លែងដេករបស់អ្នកទោស ត្រូវបានធ្វើគ្រែត្រួតលើគ្នាពី២ទៅ៣ជាន់ ទើបឲ្យអ្នកជាប់ទោសដេកបានគ្រប់គ្នា ចំណែកទីធ្លាដែលនៅសល់ក្នុងពន្ធនាគារ តូចចង្អៀតខ្លាំងណាស់។
ក្នុងពិធីក្រុងពាលីតាមប្រពៃណីខាងលើនេះ គេពិនិត្យឃើញលោកអាចារ្យ លោកអភិបាលខេត្ត មន្ត្រីរាជការ ជុំវិញខេត្ត បានចូលរួមប្រារព្ធកម្មវិធី តាមលំដាប់លំដោយទៅតាមប្រពៃណីខ្មែរ ដើម្បីបួងសួងសុំម្ចាស់ទឹក ម្ចាស់ដី ក្នុងការកសាងអគារពន្ធនាគារថ្មីលើដីចំនួន១៥ហិកតា នៅក្នុងភូមិឃុំខាងលើនេះ ឲ្យទទួលបានជោគជ័យ និងមានសេចក្តីសុខគ្រប់ៗគ្នាទាំងក្រុមជាង ជាអ្នកកសាង និងទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅក្នុងខេត្ត រួមទាំងអ្នកទោសទាំងអស់គ្នាផងដែរ៕