(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានប្រកាសផ្តាំផ្ញើដល់គ្រូៗ ខ្មែរឥស្លាមទូទាំងប្រទេស ដែលកំពុងផ្អាកភារកិច្ចបង្រៀនមួយរយៈ ដោយសារតែបញ្ហាកូវីដ១៩ សូមយកពេលវេលានេះ ដើម្បីចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងពេទ្យស្ម័គ្រចិត្ត អប់រំផ្សព្វផ្សាយពីការបង្ការ ទប់ស្កាត់ ការឆ្លង រាលដាល់ជំងឺកូវីដ១៩។
ការផ្តាំផ្ញើនេះ ធ្វើឡើងនៅបរិវេណព្រះវិហារឥស្លាម គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់កញ្ចប់អំណោយបួសរ៉ាម៉ាឌន ដល់បងប្អូននៅច្រាំងចំរេះ១ ចំនួន១១០គ្រួសារ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ទៀតថា ដរាបណានៅមិនទាន់មានការជូនដំណឹងសារជាថ្មីរបស់រាជរដ្ឋាភិបាល អំពីការផ្អាកការជួបជុំនានានោះ គឺបងប្អូននៅតែត្រូវអនុវត្តតាមសារាចរ ដែលបានដាក់ចេញវិធានការពិសេសជាច្រើន ជូនដល់ប្រជាពលរដ្ឋដើម្បីអនុវត្ត ការទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩៕