(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានប្រកាសថា កាលពីឆ្នាំ២០១៥ ការលក់រថយន្តរបស់ក្រុមហ៊ុន គឺបានច្រើនបំផុតលំដាប់ទីពីរក្នុងប្រវត្តិសាស្ត្រ ១១២ ឆ្នាំរបស់ក្រុមហ៊ុន ដោយក្នុងនោះ រថយន្តផលិតដោយដៃសរុបចំនួន ៣៧៨៥ គ្រឿង ត្រូវបានប្រគល់ជូនអតិថិជន នៅទូទាំងពិភពលោកកាពីឆ្នាំមុន ។
លោក Torsten Müller-Ötvös អគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុនឲ្យដឹងថា «ការលក់បានចំនួនខ្ពស់លំដាប់ទីពីរ ក្នុងកាលៈទេសៈដែលពិភពលោក មានភាពមិនប្រាកដប្រជា គឺជាលទ្ធផលដ៏ត្រចះត្រចង់ នេះបង្ហាញឲ្យឃើញថា យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់កំណើន ដែលមានតុល្យភាព និរន្តរភាព និងមានភាពចំណេញកំពុងតែផ្ដល់ផល ហើយយើងបានពង្រឹងតំណែងរបស់យើងក្នុងនាមជាក្រុមហ៊ុនផលិតវត្ថុប្រណីតឈានមុខគេ នៅលើពិភពលោក ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការលក់នៅឆ្នាំ២០១៦ នឹងនៅតែខ្លាំង»។
ការលក់បានច្រើន ជាឯតទគ្គកម្ម គឺនៅអាស៊ីប៉ាស៊ីហ្វិក កើន១៣% អាមេរិកខាងជើង កើន៦% និងមជ្ឈិមបូព៌ា កើន ៤% ហើយទីផ្សារតាមប្រទេសនីមួយៗ ដែលលក់បានច្រើនជាឯតទគ្គកម្ម រួមមាន កូរ៉េ កើន ៧៣% កាតា កើន ២១% ជប៉ុន កើន ៧%សហរដ្ឋអាមេរិក កើន៧% និងចក្រភពអង់គ្លេស កើន២%។ជាងនេះទៅទៀត ទីផ្សារថ្មីមួយចំនួន បានបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់ ដោយក្នុងប្រទេសចិន ឥទ្ធិពលអាក្រក់ បានបង្កជាផលអវិជ្ជមាន លើវិស័យវត្ថុប្រណីតទាំងមូល ហើយរថយន្ត Rolls-Royce ក៏បានទទួលរងផលប៉ះពាល់ ពីការវិវត្តន៍ទាំងនោះដែរ។នៅប្រទេសចិន ការលក់បាន ធ្លាក់ចុះ ៥៤% បើធៀបនឹងឆ្នាំ២០១៤។
កាលពីឆ្នាំ២០១៥ ជាថ្មីម្ដងទៀតរថយន្ត Rolls-Royce គឺលក់បានច្រើនជាងគេ ក្នុងចំណែកទីផ្សាររថយន្ត ដែលមានតម្លៃចាប់ពី ២០ ម៉ឺនអឺរ៉ូឡើង ដោយរក្សាតំណែងនេះ ដោយគ្មានក្រុមហ៊ុនផលិតរថយន្តណាប្រជែងបានឡើយ ក្នុងរយៈកាលមួយទសវត្សរ៍កន្លងមកនេះ ។
ផ្អែកលើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនឆ្ពោះ ទៅរកកំណើនប្រកបដោយនិរន្តរភាពយូរអង្វែងនោះ ក្រុមហ៊ុនរថយន្ត Rolls-Royce បានប្រកាសបើកភ្នាក់ងារចែកចាយថ្មី ចំនួន៥ បន្ថែមទៀតក្នុងឆ្នាំ២០១៥។
ដូច្នេះចំនួនភ្នាក់ងារចែកចាយ សរុបបានកើនឡើងរហូតដល់ទៅ ១៣០ ភ្នាក់ងារទូទាំងពិភពលោក ដោយក្រុមហ៊ុន ក៏មានផែនការពង្រីកបន្ថែមទៀត នៅឆ្នាំ២០១៦នេះ ហើយក្រុមហ៊ុន Rolls-Royce Motor Cars Abu Dhabi ជាភ្នាក់ងារ ដែលចែកចាយរថយន្ត Rolls-Royce បានច្រើនបំផុតក្នុងរយៈកាលបីឆ្នាំជាប់គ្នា៕