(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលទៅទទួលសេវានៅមណ្ឌលផ្ដល់បណ្ណបើកបរ ទាំងក្នុងផ្សារទំនើបអ៉ីអន១ និងអ៉ីអន២ ចូលរួមរក្សាគម្លាតសុវត្ថិភាពបុគ្គល និងពាក់ម៉ាសទាំងអស់គ្នា ដើម្បីការពារជំងឺ COVID-19 ក្រោយមានការណែនាំពីក្រសួងសុខាភិបាល និងមានការសម្របសម្រួលពីមន្រ្តីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ច ប្រចាំការនៅទីតាំង មណ្ឌលផ្ដល់បណ្ណបើកបរទាំងនោះ។
ជាការកត់សម្គាល់ កាលពីប៉ុន្មានថ្ងៃមុន គេសង្កេតឃើញថា ប្រជាពលរដ្ឋដែលទៅទទួលសេវានៅមណ្ឌលផ្ដល់បណ្ណបើកបរ ក្នុងផ្សារទំនើបអ៉ីអន១-២ ហាក់មានការធ្វេសប្រហែសភ្លេចការពារ សុវត្ថិភាពផ្ទាល់ខ្លួន ដោយពួកគាត់មិនបានរក្សាគម្លាតសុវត្ថិភាពបុគ្គល និងមិនបានចូលរួមពាក់ម៉ាសការពារត្រឹមត្រូវ តាមអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបាលនោះឡើយ។
ក្រោយឃើញសកម្មភាពបែបនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមអនុវត្ដគម្លាតសុវត្ថិភាពសង្គម និង និងគម្លាតសុវត្ថិភាពសង្គមដើម្បីចូលរួមការពារជំងឺកូវីដ-១៩។
កញ្ញា ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះថា ក្រោយឃើញស្ថានភាពបែនេះ ក្នុងរយៈប៉ុន្មានថ្ងៃមកនេះ មន្ដ្រីរបស់យើង សហការជាមួយសមត្ថកិច្ច ដែលទទួលបន្ទុករៀបចំនៅមណ្ឌលផ្ដល់បណ្ណបើកបរ បានរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ដោយមានគូសជាគំនូសសម្រាប់ ឲ្យប្រជាពលរដ្ឋ ដែលមកទទួលសេវាឈរឃ្លៀតពីគ្នាជាង ១ម៉ែត្រ និងតម្រូវឲ្យពាក់ម៉ាសគ្រប់ៗគ្នា ដើម្បីរក្សាសុវត្ថិភាព ចូលរួមការពារ COVID-19។
គួរជម្រាបថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសុខាភិបាល បានជូនដំណឹងថា មណ្ឌលផ្ដល់បណ្ណបើកបរយានយន្ដ ផ្សារទំនើបអ៉ីអន១ និងអ៉ីអន២ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះទៅ ធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩ព្រឹក ដល់ម៉ោង១០យប់ និងនៅអគ្គនាយកដ្ឋានដឹកជញ្ជូនចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ម៉ោង០៨ព្រឹក ដល់ម៉ោង០៥ល្ងាច៕