(កណ្ដាល)៖ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានថ្លែងថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាចំណោទសម្រាប់យើងទាំងអស់គ្នា ហើយនៅពេលបើកបរត្រូវគោរពឲ្យខានតែបានចំពោះ ច្បាប់ចរាចរណ៍។ លោកថា «ហើយយុទ្ធនាការនាពេលនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់។ សំខាន់នោះ អ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ន រាល់ពេលធ្វើដំណើរតាមដងផ្លូវ សំខាន់តាមបណ្តោយផ្លូវជាតិលេខ២១នេះ»

ការលើកឡើងនេះ ខណៈលោកអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យកងកម្លាំងនគរបាលចរាចរណ៍ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ នាថ្ងៃទី១ ខែឧសភានេះ។

ការចុះត្រួតពិនិត្យតាមគោលដៅនេះ ក៏មានចូលរួមពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល, លោក វ៉ែន សុវិន ស្នងការរងទទួលផែនចរាចរណ៍ និងថ្នាក់ដឹកនាំសមត្ថកិច្ចមួយចំនួន។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំ និងអប់រំដល់អ្នកជិះម៉ូតូដែលបានមិនបានពាក់មួកសុវត្ថិភាព អំពីសុវត្ថិភាពចរាចរណ៍ ដែលបង្កឲ្យមានហានិភ័យ បណ្តាលមកការពី មិនពាក់មួកសុវត្ថិភាព ឬសួរនាំអំពីច្បាប់ចរាចរណ៍ទៀតផង។

លោកបានបញ្ជាក់ផងដែរថា «យុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ នឹងប្រព្រឹត្តទៅដូចភ្លៀងរលឹម ដោយនគរបាលចរាចរណ៍ត្រូវឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួកសុវត្ថិភាព បើកលើសល្បឿនដែលបានកំណត់ ដូច្នេះគ្រប់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ ត្រូវប្រកាន់ភ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា»

លោក វ៉ែន សុវិន បានលើកឡើងថា ក្រោមការដឹកនាំរបស់លោកអភិបាល និងលោកស្នងការខេត្ត ក្រុមកម្លាំងនគរបាលចរាចរណ៍ បានរៀបចំពិនិត្យ និងចុះអនុវត្តន៍នៅភូមិសាស្ត្រខាងលើ ដើម្បីធានាបាននូវការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីឱ្យបានសុក្រិត និងយុត្តិធម៌។ ពិសេសក៏បានណែនាំពលរដ្ឋទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងគ្នាផងដែរ។

គួរជម្រាបជូនថា យុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលធ្វើឡលងនៅក្រុងតាខ្មៅនៃថ្ងៃទី១នេះ ប្រើប្រាស់កម្លាំងខេត្ត និងក្រុងតាខ្មៅសរុបចំនួន ៤០នាក់។
ចំពោះលទ្ធផលនៃការអនុវត្តរឹតបន្តឹងនេះវិញ រួមមាន៖

* បានពិន័យយានយន្តល្មើស ១៣គ្រឿង
* រថយន្តធុនធ្ងន់ ៦គ្រឿង
* រថយន្តធុនស្រាល ៣គ្រឿង
* ម៉ូតូ ៣គ្រឿង
* ម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង។

ចំពោះយានយន្តទាំងអស់ ត្រូវបាននាំមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីបន្តអនុវត្តន៍នីតិវិធី៕