(កំពង់ធំ)៖ ដោយមានការសំណូមពរ និងមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ, នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា រួមទាំងក្រុមការងារ បានជួបសំណេះសំណាល និងប្រគល់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៨៣០ម៉ែត្រ និងទទឹង ៥.២០ម៉េត្រ ដែលជាផ្លូវចេញពីភូមិអូរសាលា ឆ្ពោះទៅកាន់វត្តសិរី ស្ថិតក្នុងភូមិអូរសាលា ឃុំអួរសាលា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកស្រី ឃួន ឃុនឌី បានថ្លែងថា ផ្លូវក្រាលគ្រួសក្រហមមួយខ្សែនេះ ជាអំណោយផ្ទាល់របស់លោកស្រី ហើយបានសម្តែងការអរគុណចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកស្រីថ្លែងថា ការរក្សាបាននូវសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ ក៏ដោយសារនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចជាប្រមុខដឹកនាំ ដែលជាវីរជនកំពូលរបស់ជាតិ ជាពិសេសសម្តេច បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិបានធ្វើឲ្យភាគីជម្លោះទាំងអស់ រស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា និងសេចក្តីថ្លៃថ្នូ។

យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល បានលើកឡើងជាអាទិភាពចម្បងៗ រួមមាន៖ ផ្លូវ ភ្លើងទឹក មកដល់ជនបទដែលមិនធ្លាប់មានហើយក៏បានធ្វើឲ្យទីក្រុង និងជនបទកាន់តែមានការខិតជិតគ្នា ពោលមានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម ធ្វើឲ្យមានការអភិវឌ្ឍឆាប់រហ័ស។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អាជ្ញាធរខេត្ត ស្រុក ខណ្ឌ បានខិតខំយកចិត្តទុកដាក់សហការជាមួយគ្រប់ស្ថាប័នជំនាញ អង្គការក្រៅរដ្ឋាភិបាលដើម្បីពង្រឹង និងថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈដោយបានអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

លោកស្រីបានផ្តាំផ្ញើប្រជាពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលជាប្រចាំ ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាសក្នុងទីប្រជុំជន និងរក្សាគម្លាត ២ម៉ែត្រពីគ្នា ហើយត្រូវតាមដាន សុខភាព។ ប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរសព្ទ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាព ឲ្យបានត្រឹមត្រូវ និងមិនត្រូវទៅស្វែងរកទៅសេវាព្យាបាលនៅក្លីនិចឯកជន ដែលពុំមានច្បាប់អនុញ្ញាតនោះទេ។

លោកស្រីបានបន្តថា អាជ្ញាធរមូលដ្ឋានភូមិឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់ នូវស្ថតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន ជាពិសេសពលរដ្ឋដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

ប្រជាពលរដ្ឋភូមិអូរសាលាស្រុកកំពង់ស្វាយ មានភាពសប្បារីករាយដោយទទួលបានផ្លូវថ្មីក្រាលគ្រួសក្រហមជាសមិទ្ធផលថ្មី នៅក្នុងភូមិ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានប្តេជ្ញាចិត្តចូលរួមថែ រក្សាសមិទ្ធផល ថ្មីនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង។ ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បាននាំយកសម្ភារមួយចំនួន ចែកជួនដល់ប្រជាពលរដ្ឋផងដែរ៕