(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានច្រានចោលព័ត៌មានប្រឌិតថា រថយន្ដទំនើប Rolls Royce ដែលចតនៅមុខអគារធ្វើការជារបស់មន្ដ្រីពន្ធដារ ខណៈរថយន្ដនេះជារបស់អ្នកជាប់ពន្ធ ដែលបានមកចូលរួមកិច្ចប្រជុំ ពាក់ព័ន្ធទៅនឹងការបំពេញកាតព្វកិច្ចសារពើពន្ធជូនរដ្ឋប៉ុណ្ណោះ។ នេះបើយោងសេចក្តីបំភ្លឺ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៏មាន Fresh news ទទួលបាននៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
ការចេញសេចក្តីបំភ្លឺ របស់អគ្គនាយកដ្ឋានពន្ធដារ នាពេលនេះធ្វើឡើងបន្ទាប់ពីនាពេលថ្មីៗកន្លងទៅនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយរូបភាពរថយន្តទំនើប Rolls Royce ដែលចតនៅមុខអគ្គនាយកដ្ឋានពន្ធដារ ដោយចុះផ្សាយក្រោមចំណងជើងថា « ស្រុកខ្មែរ អ្នកប្រមូលពន្ធជិះ Rolls Royce អ្នកបង់ពន្ធជិះឡានឥតកៅអី» និង «ផ្ទុះការរិះគន់ មន្ត្រីពន្ធដារជិះសុទ្ធតែឡានតម្លៃរាប់លាន ឯពលរដ្ឋអ្នកបង់ពន្ធរកឡានកញ្ចាស់ជិះមិនទាន់បានផង»។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការចុះផ្សាយនូវអត្ថបទខាងលើ គឺជាការចុះផ្សាយនូវព័ត៌មានមិនពិត មានចរិតរករឿងបង្កបញ្ហា បង្កាច់បង្ខូចមន្ត្រីរបស់ស្ថាប័នរដ្ឋ និងបង្កើតជាព័ត៌មានក្លែងក្លាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដែលការចុះផ្សព្វផ្សាយព័ត៌មាននេះ អាចធ្វើឲ្យសារធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមានការយល់ច្រឡំថា មន្ត្រីពន្ធដារប្រើប្រាស់រថយន្តប្រណិត Rolls Royce នេះ។
នៅក្នុងសេចក្តីបំភ្លឺនោះបានឲ្យដឹងទៀតថា ទីតាំងនៅខាងមុខច្រកចូល របស់អគ្គនាយកដ្ឋានពន្ធដារ មិនមែនជាចំណត សម្រាប់មន្ត្រីពន្ធដារប្រើប្រាស់នោះឡើយ គឺសម្រាប់អ្នកជាប់ពន្ធប៉ុណ្ណោះ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានអំពាវនាវដល់បណ្តាសារព័ត៌មានមួយចំនួន សូមធ្វើការដកស្រង់តែព័ត៌មានពិត និងចុះផ្សាយប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ចៀសវាងការចុះផ្សាយដោយគ្មានមូលដ្ឋានត្រឹមត្រូវ ដែលអាចធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ៕