(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ កម្មករ៤នាក់ ដែលស្លាប់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤១ នៅភូមិជ័យត្រកួន ឃុំរកាកោះ ស្រុកគងពិសី (ព្រំប្រទល់គងពិសី - សំរោងទង) ខេត្តកំពង់ស្ពឺ នៅព្រឹកមិញនេះ ត្រូវបានបង្ហាញឈ្មោះហើយ ។
របាយការណ៍របស់សមត្ថកិច្ច និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ បានឱ្យដឹងថា អ្នកស្លាប់៤នាក់នោះរួមមាន ទី១-ឈ្មោះ ស៊ីម ខុម ភេទស្រី អាយុ៣៣ឆ្នាំ រស់ភូមបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី, ទី២-ឈ្មោះ ណុប លីម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី , ទី៣-ឈ្មោះ ស្រីប៉ិច រស់នៅភូមិភ្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី និងទី៤-ឈ្មោះ អ៊ីវ សុខមុំ អាយុ៣៧ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ។
លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យប.ស.ស បានឱ្យដឹងថា ក្រោយកើតហេតុ យ៉ាងហោចណាស់កម្មករ៦៧នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមាន៖ ១-ពេទ្យសម្ភពថ្នល់ទទឹងមាន ១៣នាក់ ក្នុង
នោះ របូសធ្ងន់៧នាក់បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។ ២-ពេទ្យបង្អែកខេត្តកំពង់ស្ពឺ មាន១២នាក់ និង៣-មន្ទីរពេទ្យបង្អែកគងពិសី ៤២នាក់ ( របួសស្រាល)។
កម្មករដែលរងគ្រោះថ្នាក់ដល់អាយុជីវិតនោះជាកម្មករធ្វើការនៅក្រុមហ៊ុន នូ ខប ក្នុងខេត្តកណ្តាល។ កម្មកររងរបួសជាសមាជិក ប.ស.ស ហើយជាគ្រោះថ្នាក់ការងាររាល់ការព្យាបាលរហូតដល់ជាសះស្បើយជាបន្ទុករបស់ ប.ស.ស ។ ចំណែកអ្នកស្លាប់ ប.ស ស ផ្តល់ ៤លានរៀលសម្រាប់ចាត់ចែងពិធីបុណ្យសព និងមានផ្តល់បន្ថែមទៀតនូវរបបឧបត្ថម្ភក្រុមគ្រួសារ ប្តី ប្រពន្ធ កូន ជនចាស់ជរា ឪពុក ម្តាយ ជីដូន ជីតា ជាដើម។
លោក ជាវ ប៊ុនរិទ្ធ បានឱ្យដឹងថា ខណៈពេលនេះក្រុមការងារប.ស.ស មួយចំនួនកំពុងនាំយកថវិការំលែកទុក្ខក៏ដូចជាថវិកាចាត់ចែងបុណ្យសព ជូនដល់គ្រួសារសពកម្មករដល់ផ្ទះរបស់ពួកគេ៕