(ភ្នំពេញ)៖ ក្នុងគ្រាដែលនគរបាលចរាចរណ៍នៅទូទាំងប្រទេស បាននិងកំពុងអនុវត្តន៍ការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះ, នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បានប្រាប់ដល់គ្រប់ស្នងការដ្ឋាននគរបាលខេត្ត-រាជធានីទាំងអស់ មិនត្រូវផាកពិន័យចំពោះយានយន្ត ដែលបើកបរគ្មានផ្លាកលេខ តែមានបង្កាន់ដៃធ្វើផ្លាកលេខ នៅមន្ទីរសាធារណការនោះទេ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានស្នើដល់សមត្ថកិច្ចអនុវត្តន៍ច្បាប់ ធ្វើការណែនាំដល់អ្នកបើកបរគ្មានផ្លាកលេខ តែមានបង្កាន់ដៃធ្វើផ្លាកលេខ នៅមន្ទីរសាធារណការ កុំទាន់ប្រើប្រាស់រថយន្តតាមដងផ្លូវ រហូតដល់មានផ្លាកលេខត្រឹមត្រូវសិន ទើបចាប់ផ្តើមបើកបរតាមដងផ្លូវ។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមណែនាំដល់គ្រប់ស្នងការដ្ឋាននគរបាលខេត្ត-រាជធានី ក្នុងករណីត្រួតពិនិត្យ មានយានយន្តបើកបរគ្មានផ្លាកលេខ តែមានបង្កាន់ដៃធ្វើផ្លាកលេខ នៅមន្ទីរសាធារណការ ស្នើកុំពិន័យករណីនេះ តែណែនាំគាត់កុំទាន់ប្រើឡាននេះ រហូតមានផ្លាកលេខពាក់ត្រឹមត្រូវ»។
សូមជម្រាបថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង។
វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ៕