(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា រួមសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំសន្និសីទកាសែតមួយស្តីពី «វេទិកាស្រូវអង្ករកម្ពុជាលើកទី៥» នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សន្និសីទកាសែតនៅព្រឹកថ្ងៃទី១២ ខែមករានេះ ធ្វើឡើងដើម្បីស្វែងយល់ពីគោលបំណងសំខាន់នៃវេទិកាស្រូវអង្ករកម្ពុជាលើកទី៥នេះ និងការវិវឌ្ឍន៍ថ្មីៗ នៅក្នុងផលិកម្មស្រូវអង្ករកម្ពុជានាពេលបច្ចុប្បន្ន ហើយថាតើប្រទេសកម្ពុជា នឹងត្រៀមខ្លួនអ្វីខ្លះស្របពេលជាមួយនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៦។
ដោយឡែក វេទិកាស្រូវអង្ករកម្ពុជាលើកទី៥ជាផ្លូវការ គ្រោងនឹងរៀបចំធ្វើ នៅថ្ងៃទី២៤ ២៥ និង២៦ ខែមករា ខាងមុខនេះ ដោយមានការអញ្ចើញចូលរួមពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករទាំងអស់ ដូចជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ សហគមន៍កសិករ ក្រុមហ៊ុនដឹកជញ្ចូន តំណាងក្រសួងពាក់ព័ន្ធ និងតំណាងដៃគូអន្តរជាតិ។
វេទិកាស្រូវអង្ករកម្ពុជាលើកទី៥ ធ្វើឡើង ដើម្បីពិភាក្សាពីបញ្ហាស្រូវអង្ករ ដែលមានទំនាក់ទំនងជាមួយនឹងការធ្វើពាណិជ្ជកម្មអង្ករទៅកាន់ទីផ្សារពិភពលោក និងផែនការយុទ្ធសាស្រ្តសម្រាប់វិស័យស្រូវអង្ករទាំងមូល៕