(ភ្នំពេញ)៖ បើទោះបីជាមានការប្រឈមនឹងកម្លាំងពលកម្មនិងការពន្យាពេលផ្គត់ផ្គង់ក្នុងទីផ្សារយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) បានដោះស្រាយដោយជោគជ័យនឹងបញ្ហានេះ តាមរយៈការនាំមកនូវធនធានចាំបាច់នានាដើម្បីពន្លឿនវឌ្ឍនភាពនៃការសាងសង់សម្រាប់គម្រោង The Peak។
លោក Jia Ruo Hua អគ្គនាយកនៃសាខាក្រុមហ៊ុន CRUCG ប្រចាំនៅកម្ពុជា បានថ្លែងថា «យើងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem (Cambodia) Co., Ltd (“Oxley Gem”) ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CRUCG ជាមួយនិងឱកាសក្នុងការគ្របគ្រងគំរោងដ៏អស្ចារ្យនេះ»។
លោកបន្តថា ការគាំទ្រនិងការណែនាំជាបន្តបន្ទាប់របស់ពួកគេបានផ្ដល់ជាឥទ្ធិពលដ៏មានសារៈសំខាន់ក្នុងការជួយឱ្យយើងទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែពីរខែចាប់តាំងពីយើងបានចាប់ផ្តើមធ្វើការងារនេះកាលពីខែមីនាឆ្នាំ ២០២០។
ជាមួយគ្នានោះ ក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem បានធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន CRUCG ចំពោះការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តោតលើការងារគម្រោង ហើយមានសេចក្តីសោមនស្សដោយដឹងថាក្រុមហ៊ុន CRUCG បានអនុវត្តវិធានការសុវត្ថិភាពយ៉ាងហ្មត់ចត់ដើម្បីផ្តល់នូវកន្លែងធ្វើការដែលមានសុវត្ថិភាពក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩។
ទន្ទឹមនឹងនោះ អគ្គនាយកក្រុមហ៊ុន Worldbridgeland (Cambodia) Co.,Ltd លោក ឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា៖ «វាមានភាពងាយស្រួលក្នុងការធ្វើការសន្យាក្នុងពេលវេលាដ៏ល្អ ប៉ុន្តែពិបាកចេញជាលទ្ធផល ជាពិសេសនៅក្នុងបរិយាកាសដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ខ្លាំងនិងមានបទពិសោធដូចជាដៃគូរបស់យើងគឺក្រុមហ៊ុន Oxley Holdings Limited យើងអាចបង្វែរស្ថានភាពបានយ៉ាងឆាប់រហ័សដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់គម្រោងនេះប្រកបដោយភាពជោគជ័យ»។
ជាមួយគ្នានេះផងដែរ លោក Ching Chiat Kwong អគ្គនាយកនិងជានាយកប្រតិបត្ដិនៃក្រុមហ៊ុន Oxley Holdings Limited ក៏បានសម្តែងនូវការកោតសរសើរចំពោះដៃគូកម្ពុជារបស់ខ្លួនផងដែរថា៖ «ក្រុមហ៊ុន Worldbridgeland តែងតែជាដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់យើង។ យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Worldbridgeland ខណៈដែលយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីទទួលបានលទ្ធផលល្អសម្រាប់គម្រោងរបស់យើងនៅក្នុងប្រទេសកម្ពុជា»៕