(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វារៀង ព្រមទាំងស្នងការរងនគរបាលខេត្ត នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បានចុះពិនិត្យ និងណែនាំកម្លាំងចម្រុះនៅគ្រប់គោលដៅទូទាំងខេត្ត ក្នុងប្រតិបត្តិការត្រួតពិនិត្យការរឹតបន្តឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ នអនក្រ.បក ត្រូវអនុវត្តន៍ច្បាប់ឱ្យបានត្រឹមត្រូវ និងមានសុជីវធម៍ខ្ពស់ជាមួយពលរដ្ឋផងដែរ។
បើនគរបាលចរាចរណ៍ ខេត្តស្វាយរៀង មានគោលដៅត្រួតពិនិត្យមានចំនួន ១៩គោលដៅ (ការិយាល័យ ៣គោលដៅ និងក្នុង ១ក្រុង / ស្រុកចំនួន២គោលដៅ ស្មើនឹង ១៦គោលដៅ) មានកម្លាំងចម្រុះរួម ២៣១នាក់ ( កម្លាំងនគរបាល ១៧៦នាក់ អាវុធហត្ថ ១៥នាក់ និងប្រជាការពារ ៤០នាក់។
មូលហេតុដែលត្រូវតែអនុវត្តវិធានការណ៍នេះ គឺដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងគំហុកក្នុងពេលកន្លងទៅ ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងពិការជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយការខាតបង់នៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានភាពធ្ងន់ធ្ងរណាស់ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត បង្កទុក្ខលំបាកដល់ ក្រុមគ្រួសារ និងបង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់គ្រួសារ ខាតបង់ទ្រព្យសម្បត្តិគ្រួសារ និងទ្រព្យសម្បត្តិសាធារណៈព្រមទាំងបានបន្សល់ជាបន្ទុក ដ៏ធ្ងន់ធ្ងរ ដល់សង្គមជាតិផងដែរ៕