(ភ្នំពេញ)៖ គ្រូបង្រៀនខ្មែរឥស្លាមទូទាំងខេត្តត្បូងឃ្មុំ មកពី៥ស្រុកទូទាំងខេត្ត សរុប៣៥៤នាក់ ស្ម័គ្រចិត្តបរិច្ចាគថវិកាពីបៀវត្សរបស់ខ្លួន ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ម្នាក់ៗ៤០,០០០រៀល ក្នុងមួយខែ សម្រាប់រយៈពេល៥ខែ គិតពីខែឧសភា ដល់ខែកញ្ញា ដែលសរុបជាទឹកប្រាក់ ៧០,៨០០,០០០រៀល។ នេះបើយោងលិខិតរបស់នាយកអប់រំគ្រូខ្មែរឥស្លាម ខេត្តត្បូងឃ្មុំ ផ្ញើជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយអនុប្រធានប្រធាន ៥ រូប និងសមាជិក ៤០ នាក់ ដែលក្នុងនោះមាន ២០ នាក់មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានី-ខេត្ត។
គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ មានភារកិច្ចកំណត់គោលគោលនយោបាយ និងយុទ្ធសាស្ត្រជាតិពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រក្នុងការបង្ការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ គ្រង់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្តរជាតិ៕