(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ជាថ្ងៃសម្រាកទិវាពលកម្មអន្តរជាតិ ដោយឡែកនៅសាកលវិទ្យាល័យការពារជាតិ បានឯកភាពដំណើរការសិក្សាជាធម្មតាគ្រប់វគ្គសិក្សាចំណែក ២មហាវិទ្យាល័យ គឺនិស្សិតវគ្គបញ្ជាការសេនាធិការជំនាន់ទី១៩ និងមហាវិទ្យាល័យព័ត៌មានវិទ្យា ភស្តុភារហិរញ្ញវត្ថុយោធា បានរៀបចំដាំដើមឈើ ដើមគ្រញូងខ្នាតធំចំនួន ៣០ដើម លើចំនួនដាំរួចក្នុងខែនេះ៤០ដើម រួមគ្នាដាក់លូបង្ហូរទឹក ពីតារាងបាល់ទាត់និងពលកម្មសំអាតបរិវេណសាកលវិទ្យាល័យការពារជាតិ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ បានថ្លែងថា «តាមពិតថ្ងៃនេះជាថ្ងៃសម្រាកអបអរទិវាខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្ម អន្តរជាតិ១ ខែឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «សន្តិភាព និងការងារសមរម្យ» ប៉ុន្តែ ដោយសារតែយើងទាំងអស់គ្នាកំពុងតែចូលរួមបង្កា ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជម្ងឺវីរុសកូវីដ១៩ យើងបានឯកភាពគ្នាពុំបានឈប់សម្រាកទេ ដើម្បីមិនឲ្យនិស្សិតសិក្ខាកាមយើងចេញទៅបណ្តាខេត្តឆ្ងាយៗ ហើយបានរៀបចំដាំដើមឈើ ដើមគ្រញូងខ្នាតធំចំនួន៣០ដើម លើចំនួនដាំរួច ក្នុងខែនេះ៤០ដើម រួមគ្នាដាក់លូបង្ហូរទឹក ពីតារាងបាល់ទាត់ និងពលកម្មសំអាតបរិវេណសាកលវិទ្យាល័យការពារជាតិ»។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់បុគ្គលិកសិក្សា និស្សិត និងសិក្ខាកាមទាំងអស់ដែលបានអនុវត្តការងារបណ្តុះបណ្តាល ហ្វឹកហ្វឺននិងបំប៉ន យកចិត្តទុកដាក់រៀនសូត្រ បើទោះជាសាលារដ្ឋ និងឯកជនបានបិទទ្វារដើម្បីបង្ការ ទប់ស្កាត់កូវីដ១៩ តែសាកលវិទ្យាល័យការពារជាតិនៅតែដំណើរការសិក្សា ទៅបានអាស្រ័យដោយយើងអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បទបញ្ជារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងកូវីដ១៩។ នេះហើយជាកងទ័ព កងទ័ពត្រូវមានវិន័យ គោរពនូវបទបញ្ជា ខឹតខំបណ្តុះបណ្តាលមានគ្រប់សមត្ថភាព ទើបយើងទទួលជ័យជំនះបាន។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានលើកឡើងនូវយុទ្ធសាស្ត្រដឹកនាំបញ្ជាប្រយុទ្ធលើសមរភូមិពិសេស ព្រឹត្តិការណ៍ព្រំដែនទិសប្រាសាទព្រះវិហារ ប្រាសាទតាមាន់តាក្របី រាល់ពេលមានការប៉ះទង្គិច ការប្រយុទ្ធធំៗ សម្តេចតេជោ តែងបានយកចិត្តទុកដាក់ទប់ស្កាត់ មិនឲ្យសមរភូមិរីករាលដាល ហើយព្យាយាមដោះស្រាយ ដូចគ្នានឹងការប្រយុទ្ធនឹងកូវីដ១៩ ដូច្នោះដែរ ដែលយើងត្រូវជឿជាក់ លើការដឹកនាំរបស់សម្តេចតេជោប្រមុខ រាជរដ្ឋាភិបាលនៃយើងកំពុងប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងមិនមានការរីករាលដាល។
អរគុណកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាអាទិភាពចម្បង ដើម្បីអនុវត្តសម្រេចឲ្យបាននូវគោលដៅសំខាន់ ២គឺ៖
*ទី១៖ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ
*ទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិស គោលជំហរទស្សនៈនយោបាយការពារជាតិ ចំទិស ស្របតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន» ក្នុងនោះគឺបណ្តុះបណ្តាលឲ្យក្លាយជាកងទ័ពម្នាក់មានសមត្ថភាព ដឹកនាំបំពេញភារកិច្ចការពារជាតិ មាតុភូមិ ចូលរួមថែរក្សាសន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ង ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត គឺសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕