(បាត់ដំបង)៖ «ក្លឹបរ៉ូតថារី ភ្នំពេញខេពីថល» និង «ក្លឹបរ៉ូតថារី ភ្នំពេញសេនត្រល» ដែលជាសមាជិក «ក្លឹបរ៉ូតថារី អន្តរជាតិ» បន្តរួមគ្នានាំយកសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនមន្ទីរពេទ្យខេត្តបាត់ដំបង ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
សម្ភារៈដែលក្លឹបរ៉ូតថារី បានយកទៅជូនមន្ទីរពេទ្យខេត្តបាត់ដំបងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ រួមមាន៖ ទឹកអាស៊ីត hypochlorous ចំនួន ៥ធុង (១៥០លីត្រ), មាស់ចំនួន ៣,០០០ម៉ាស់, អាល់កុល ២ធុង (៦០លីត្រ), សម្លៀកបំពាក់ការពារពណ៌សរ ១៥០ឈុត, សម្លៀកបំពាក់ការពារពណ៌ ១៦៥ឈុត និងមួកការពារ ២៥០ឈុត ។
កញ្ញា អុឹង ជឺអុី ប្រធាន «ក្លឹបរ៉ូតថារី ភ្នំពេញខេពីថល» និង លោក ឈរ វែងងួន ប្រធាន «ក្លឹបរ៉ូតថារី ភ្នំពេញសេនត្រល» បានឱ្យដឹងថា នៅពេលដែលជំងឺកូវីដ១៩ បានរីករាលដាលនៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជានោះ ក្លឹបរ៉ូតថារី ក៏បានរួមគ្នាជាមួយសមាជិកជាពាណិជ្ជកររួមគ្នាប្រមូលសម្ភារៈប្រឆាំងនឹងការរាតត្បាតដើម្បីឆ្លើយតបនឹងផែនការជួយសង្គ្រោះ។
កញ្ញា អុឹង ជឺអុី ក៏ដូចជា លោក ឈរ វែងងួន បានលើកឡើងថា ការផ្តល់ជំនួយសម្ភារទាំងនេះ ដើម្បីផ្តល់នូវការការពារពេញលេញបំផុតសម្រាប់បុគ្គលិកពេទ្យជួរមុខក្នុងការបង្ការការរីករាលដាលនៃជំងឺនេះ ទន្ទឹមនឹងការមើលថែអ្នកជំងឺ ដែលអាចមានឧបករណ៍ការពារគ្រប់គ្រាន់ ដើម្បីការពារខ្លួន និងការពារសុខភាពប្រជាជនកម្ពុជា។
កញ្ញា អុឹង ជឺអុី និង លោក ឈរ វែងងួន បានបង្ហាញការជឿជាក់ថា ជំនួយនេះជាការរួមគ្នា ដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺ និង ធ្វើឱ្យសង្គមមានស្ថេរភាព និងធ្វើឱ្យប្រទេសកាន់តែរឹងមាំ។
សូមបញ្ជាក់ថា «ក្លឹបរ៉ូតថារី» ជាអង្គការអន្តរជាតិមួយកើតចេញពីបណ្តុំសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មនានា ដែលមានអាយុកាលប្រមាណជា១០០ឆ្នាំមកហើយ។ អង្គការនេះមានបេសកកម្មធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមលើវិស័យអប់រំ, មន្ទីរពេទ្យ, ការគាំពារទារក និងមាតា, ទឹកស្អាត, សហគមន៍ក្រីក្រ និងក្មេងកំព្រាទុរគត។
សម្រាប់ «ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល» ដែលជាសាខាមួយនៅក្នុងប្រទេសកម្ពុជា ក៏បាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មផងដែរ ដើម្បីរួមចំណែកជួយដល់សង្គម៕