(បាត់ដំបង)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងសហការី នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បានបន្តអញ្ជើញ ចូលរួមធ្វើបទបង្ហាញ ស្តីពីការផ្តល់ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដល់បងប្អូនប្រជាកសិករ សិប្បករ សហគ្រាសធុន តូច និងមធ្យម ប្រចាំខេត្តបាត់ដំបង សរុបប្រមាណជាង១៧០នាក់។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួម ជាអធិបតីពីសំណាក់ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង, សមាជិកក្រុមប្រឹក្សាខេត្ត តំណាងរដ្ឋបាលជលផល, លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ, អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ និងតំណាងមន្ទីពាក់ព័ន្ធ អមជុំវិញខេត្តផងដែរ។
បន្ទាប់ពីបទអន្តរាគមន៍ របស់លោក សឿម ប៊ុនរិទ្ធិ អភិបាលរងរួចមក លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនប្រជាកសិករ ឲ្យបានជ្រាបអំពីគោលបំណង ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មកជួបបងប្អូននៅព្រឹកនេះ គឺចង់ផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះ ចំនួន៦ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ ៦.៥ភាគរយ ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) និងលក្ខខណ្ឌសមស្របមួយចំនួន ដើម្បីទទួលបានឥណទាន ពីកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក មានដូចជា៖
* ត្រូវមានគម្រោងពង្រីកអាជីវកម្ម ដើម្បីរួមចំណែកបង្កើតការងារក្នុងមូលដ្ឋាន
* ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក
* ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជាចាំបាច់ នូវឥណទានសម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល និង/ឬ ទុនវិនិយោគ សម្រាប់ពង្រីក អាជីវកម្ម។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចធ្វើការផ្តល់ជូនឥណទានរហូតដល់៨០ភាគរយនៃទ្រព្យធានា បំណុលដែលជាអចលទ្រព្យ។
លោកបន្ដទៀតថា ការទទួលយកទ្រព្យធានាបំណុល របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានភាពបត់បែនច្រើន ដោយក្នុងនោះ មានការទទួលយក៖
* ឧបករណ៍-គ្រឿងម៉ាស៊ីន, * សន្និធិ, * លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេងៗ, * វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដីនិងអាគារ) ផងដែរ។
បន្ថែមលើនេះ ក្រៅពីកម្មវិធីហិរញ្ញប្បទានពិសេស ៥០លានដុល្លារ លោក កៅ ថាច ក៏បានធ្វើការណែនាំអំពីផលិតផល ឥណទានផ្សេងៗទៀត របស់ធនាគារ ដែលមាន អត្រាការប្រាក់អនុគ្រោះផងដែរ។ ក្នុងករណីបងប្អូនប្រជាកសិករ ក្រុមផលិត របស់សហគមន៍ចាប់អារម្មណ៍ អាចធ្វើការទំនាក់ទំនងដើម្បីស្នើសុំឥណទាន ទាំងនោះបាន។
ជាមួយគ្នានេះដែរ លោកអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានធ្វើការស្នើសុំ ដល់បងប្អូនឲ្យរៀបផែនការច្បាស់លាស់ លើការដាំដុះ ការចញ្ចឹម និងការផលិត ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារឲ្យបានតាមតម្រូវការ ដោយជៀសវាងការដាំដុះ ឬផលិតលើសតម្រូវការ ជាហេតុធ្វើឲ្យតំលៃធ្លាក់ចុះ។
បន្ទាប់ពីចប់បទបង្ហាញ លោក កៅ ថាច ក៏បានអនុញ្ញាតឲ្យមានសំណូមពរ និងវេទិការសំនួរ-ចំលើយ រវាងបងប្អូនប្រជាកសិករ តំណាងសហគម និងតំណាង ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្មផងដែរ។
លោក ក៏បានថ្លែងអំណរគុណ ដល់លោកអភិបាលខេត្តបាត់ដំបង, និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដែលបានជួយសម្របសម្រួល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយនូវគោលការណ៍ឥណទាន ដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូននាឱកាសនេះ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនងព័ត៌មាន បន្ថែមតាមរយៈទូរស័ព្ទលេខ ០៧៧ ៧៥៩ ១៥៩/០១២ ៧០៦ ៦៣៦/០៩៩ ៧១០ ៧៨៩៕