(តាកែវ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញលិខិតបំភ្លឺជូនសាធារណជនឲ្យបានជ្រាប ក្រោយមានជនអគតិមួយចំនួន បង្ហោះតាមបណ្ដាញសង្គម ដោយផ្សព្វផ្សាយ ព័ត៌មានមិនពិត ពាក់ព័ន្ធនឹងកម្លាំងនគរបាលធ្វើការហ្វឹកហាត់ ដើម្បីត្រៀមចុះល្បាតបង្ក្រាបបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀនតាមព្រំដែនជាមួយប្រទេសវៀតណាម។
លិខិតបំភ្លឺរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ចំពោះរូបភាព ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមខាងលើ គឺជាសកម្មភាព នៃការហ្វឹកហាត់នៅទីលានជាក់ស្តែងរបស់កងកម្លាំងអន្តរាគមន៍ពិសេស ដើម្បីត្រៀមយាមល្បាត និងធ្វើសមយុទ្ធចម្រុះទប់ស្កាត់ ប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែនរវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ ខេត្តកណ្ដាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង នៅស្រុកទិនបៀង ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ»។
ក្នុងន័យនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមរំលឹកជូនថា កាលពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៩ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានរៀបចំពិធីជួបប្រាស្រ័យមិត្តភាពព្រំដែន (កម្ពុជា-វៀតណាម) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែននៃខេត្តទាំងបី។
ចំពោះការបង្ហោះផ្សព្វផ្សាយនូវខ្លឹមសារខាងលើ គឺជាការប្រឌិតទាំងស្រុងខុសពីរូបភាពនិងខ្លឹមសារពិត ដែលមានចេតនាញុះញង់ បំពុលសង្គមនិងបង្ករឱ្យមានការរើសអើងជាតិសាសន៍ បង្កើតឱ្យមានអសន្តិសុខនៅតាមព្រំដែន ផ្ទុយពីសកម្មភាពជាក់ស្តែងរបស់កងកម្លាំងនគរបាលជាតិ ដែលខិតខំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម បង្កើនភាព សុខដុមរម្យនានៅតាមបន្ទាត់ព្រំដែន ជូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ៕