(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលខណ្ឌមានជ័យ បានបញ្ជូនជនដៃដល់ វង់ ភារម្យ ដែលប៉ងរំលោភ និងសម្លាប់នារីរងគ្រោះជាកម្មការិនីម្នាក់នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់តាមច្បាប់។
លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា កាលពីយប់ថ្ងៃ២៨ ខែមេសា ឆ្នាំ២០២០ ក្រោយទទួលដំណឹងថា មាននារីម្នាក់ ត្រូវគេសម្លាប់ស្លាប់ទាំងអាក្រាតកាយ នៅក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ លោកបានបញ្ជា និងដឹកនាំកម្លាំងជំនាញតាមចាប់ជនដៃដល់ បន្ទាប់ពីព្យាយាមរត់គេចខ្លួន។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ វង់ ភារម្យ អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ (មានផ្ទុកសារធាតុញៀន) ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរកម្មករសំណង់។ ដោយឡែកជនរងគ្រោះឈ្មោះ ស៊ាត ស៊ន អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។
លោកអធិការបានប្រាប់អំពីដំណើររឿងថា នៅមុនពេលកើតហេតុជនសង្ស័យ បានយកកូនកាំបិទចិតបន្លែដើរចូលបន្ទប់នារីជនរងគ្រោះ គំរាមចាប់រំលោភ តែនារីជនរងគ្រោះមិនព្រម ក៏ជនសង្ស័យ យកកូនកាំបិតចិតបន្លែចាក់ទៅនារីរងគ្រោះ ហើយយកជ្រុញ និងឆ្នាំងបាយវាយក្បាលជនរងគ្រោះបន្ថែម បណ្តាលឲ្យស្លាប់តែម្តង។
បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ ទៅលួចម៉ូតូរបស់គេក្បែរកន្លែងហេតុដើម្បីគេច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន តែម្តង៕