(ភ្នំពេញ)៖ លោកស្រី ឥន លីម្មី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន និងលោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌ និងសហការី នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ ផ្តល់ចំណេះដឹងស្តីពីវិធានការការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលជួបការខ្វះខាតចំនួន ២០គ្រួសារ រស់នៅភូមិ៩ និងភូមិ១៦ សង្កាត់ទន្លេបាសាក់។
លោកស្រីបានថ្លែងថា ប្រទេសកម្ពុជាយើងនៅតែមានហានិភ័យទទួលរងនូវការវាយលុក ពីវីរុសកូវីដ១៩ (COVID-19) គ្រប់ពេលវេលា និងគ្រប់ទីកន្លែង បើសិនជាយើងភ្លេចខ្លួន មិនមានការប្រុងប្រយ័ត្ននោះ ទោះក្នុងរយៈពេលមកនេះ ជំងឺកូវីដ១៩នៅកម្ពុជា រកមិនឃើញករណីថ្មី និងមានអ្នកជាសះស្បើយជាបន្ដបន្ទាប់ ដោយបច្ចុប្បន្នសល់អ្នកឈឺតែ៣នាក់ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៃអ្នកឆ្លងសរុប ១២២នាក់នេះ។
លោកស្រីថ្លែងបន្ដថា «សូមកុំភ្លេចខ្លួន យើងអាចភ្លេចកូវីដ១៩ បានគ្រប់ពេលវេលា ក៏ប៉ុន្ដែកូវីដ១៩ មិនភ្លេចយើងនោះឡើយ ដូច្នេះសូមបន្ដប្រុងប្រយ័ត្ន និងអនុវត្ដដៃស្អាតជាប់ជានិច្ច»។
ក្នុងកម្មវិធីមនុស្សធម៌នេះ លោកស្រី ឥន លីម្មី បានលើកឡើងអំពីការមើលឃើញជាក់ស្ដែង ពីការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជំងឺ។ លោកស្រី ក៏បានពាំនាំយកអង្ករ និងឃីត ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាខណ្ឌ មកឧបត្ថម្ភជូន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺមិនឲ្យប្រជាពលរដ្ឋស្លាប់ដោយអត់បាយឡើយ។
បន្ថែមពីនេះ លោកស្រី ឥន លីម្មី ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការដឹកនាំចង្អុលបង្ហាញចំគោលដៅ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺត្រូវឲ្យយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋក្រីក្រលំបាក ចាស់ជរាជួបការខ្វះខាត ឬគ្មានទីពឹងជាដើម «ពោលគឺជាជនងាយរងគ្រោះ» ដាច់ខាតមិនត្រូវមើលរំលងឡើយ ។
តាមផ្ទះនីមួយៗ លោកស្រីក៏បានបន្ថែមឲ្យដឹងទៀតថា ដើម្បីចូលរួមបង្ការទប់ស្កាត់នូវវីរុស COVID-19 នេះ សូមឲ្យប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើការដឹកនាំ និងធ្វើទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ពីវិធានការក្នុងការការពារនៃការឆ្លងមេរោគកូវីដ ១៩នេះ ។ ក្នុងឱកាសនោះដែរ លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បីជៀសផុតនូវការឆ្លង និងការរីករាលដាល នៃវីរុស COVID-19 នេះ។
ជាមួយគ្នានេះ លោកស្រីប្រធាន ក៏បានជំរាបពីអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលបាននិងកំពុឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រី មានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម២ឆ្នាំ និងចាប់អនុវត្តពីដើមខែមករា ឆ្នាំ២០២០មកនោះ ។ លោកស្រីបានគូសបញ្ជាក់ថា ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំក្នុងគ្រួសារក្រីក្រ ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្ស ចាប់តាំងពីទារកចាប់កំណើតក្នុងផ្ទៃមាតារហូតដល់អាយុក្រោម២ឆ្នាំ ព្រមទាំងដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក ជួយដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ និងដើម្បីជំរុញការលូតលាស់ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតីអោដល់ទារក កុមារ ជួយលើកកំពស់ជីវភាពស្ត្រីមានផ្ទៃពោះក្រីក្រនៅតាមមូលដ្ឋាន ទូទាំងព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រុមការងារអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដែលដឹកនាំដោយលោកស្រី ឥន លីម្មី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងឲ្យលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាលខណ្ឌ៕