(សេអ៊ូល)៖ សហរដ្ឋអាម៉េរិក និងប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្ត នៅថ្ងៃចន្ទនេះ បានពិភាក្សាគ្នា ពីការបញ្ជូនអាវុធរបស់សហរដ្ឋអាម៉េរិកបន្ថែមទៀត ទៅកាន់ឧបទ្វីបកូរ៉េ ដែលកិច្ចពិភាក្សានេះធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 របស់សហរដ្ឋអាម៉េរិក ហោះហើរឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង ដើម្បីជាការគំរាម ឆ្លើយតបនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង កាលពីសប្តាហ៍មុន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦។
សារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា សហរដ្ឋអាម៉េរិកអាចនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-2 នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងយន្តហោះ F-22 ជាប្រភេទយន្តហោះដែលអាចគេចពីប្រព័ន្ធរ៉ាដាបាន។
ឆ្លើយតបបញ្ហានេះរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានលើកឡើងថា ទង្វើរបស់សហរដ្ឋអាម៉េរិក ជាការជម្រុញឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េ ឈានទៅរកការផ្ទុះសង្គ្រាមកាន់តែឆាប់៕