(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៌ កែវ ពិសី បានប្រាប់អង្គភាព Fresh News ថា ការចាប់ខ្លួនក្រុម សហជីព៥នាក់ កាលពីព្រឹកមិញនោះ គឺធ្វើឡើងតាមបញ្ជារបស់ព្រះរាជអាជ្ញា ក្រោយពីក្រុមសហជីពទាំង២ បានផ្ទុះហិង្សាដាក់គ្នា ។
លោកស្នងការបានថ្លែងថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ លោកព្រះរាជអាជ្ញា ក៏បានបញ្ជាឲ្យចាប់ខ្លួន កម្មករម្នាក់ក្រោយពី ប្រើហិង្សាបំផ្លិចបំផ្លាញរោងចក្រផងដែរ រហូតមានការតវ៉ា ជាបន្តបន្ទាប់រហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ ហើយនាំឲ្យ កើតមានឡើងហិង្សាតែម្តង ។
សម្រាប់ក្រុមសហជីពទាំង៥នាក់ ដែលត្រូវបានចាប់ខ្លួននោះ គឺស្ថិតក្រោមចំណាត់ការរបស់លោកព្រះរាជអាជ្ញាបន្តទៀត។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ ប្រាប់អង្គភាពព័ត៌មាន Fresh Newsថា នៅព្រឹកព្រលឹម ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានឃាត់ខ្លួន សហជីពរបស់លោក ៥នាក់ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅម្តុំរោងចក្រ Agile sweater ដែលស្ថិតនៅភូមិតាអោង សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកមិញ។
លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា លោកនឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅម៉ោង១០៖០០ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ នៅស្នាក់ការរបស់លោក ជាប់ផ្លូវសហព័ន្ធរុស្ស៊ី ដើម្បីបង្ហាញពីការចាប់ខ្លួន សមាជិកសហជីពនៅព្រឹកមិញ។
សូមជំរាបថាទំនាស់នៅរោងចក្រ រោងចក្រ Agile Sweater បានកើតឡើងរយៈពេលជាង២សប្តាហ៍មកហើយ ដោយកម្មករបាន ទាមទារលក្ខខណ្ឌការងារ៩ចំណុច ប៉ុន្តែថៅកែមិនចេញមុខដោះស្រាយ។
លក្ខខណ្ឌទាំងនោះមានដូចជា ៖ ទី១.សុំឲ្យដករដ្ឋបាលចេញ , ទី២.ឲ្យក្រុមហ៊ុនអនុញ្ញាតច្បាប់ជូនកម្មករ ពេលមានធុរៈចំាបាច់, ទី៣ ឲ្យក្រុមហ៊ុនផ្តល់ប្រាក់ធ្វើដំណើរបន្ថែម៣ដុល្លារទៀត, ទី៤ ឲ្យក្រុមហ៊ុនដកពាក្យបណ្តឹងដែលប្តឹងមកលើកម្មករនិងតំណាងកម្មករ, ទី៥ មិនត្រូវបញ្ឈប់កម្មករក្នុងកំឡុងពេលធ្វើកូដកម្មករឡើយ, ទី៦ ឲ្យក្រុមហ៊ុនប្តូរកិច្ចសន្យាពី៣ខែទៅ១ឆ្នាំវិញ ,ទី៧សូមឲ្យក្រុមហ៊ុនដំឡើង តម្លៃឡូតាមកម្រិតនៃអាវដែលដេរ, ទី៨ ឲ្យក្រុមហ៊ុន បន្ថែមលុយបាយពេលល្ងាយចំនួន ២០០០រៀល ទៀតនិងទី៩ ក្រុមហ៊ុនត្រូវគិត ប្រាក់ឈ្នួល ជូនកម្មករធ្វើការងារ នៅក្នុងថ្ងៃបុណ្យគុណនឹង២៕