(បន្ទាយមានជ័យ)៖ «រ៉ូតថារីក្លឹប ភ្នំពេញខេពីថល» និង «រ៉ូតថារីក្លឹប ភ្នំពេញសេនត្រល» ដែលជាអង្គការកំពុងធ្វើសប្បុរសធម៌មួយនៅកម្ពុជា បានរួមគ្នានាំយកសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩មួយចំនួនជូនដល់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី» ដើម្បីបម្រើដល់ប្រតិបត្តិការរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សម្ភារៈដែល «រ៉ូតថារីក្លឹប ភ្នំពេញខេពីថល» និង «រ៉ូតថារីក្លឹប ភ្នំពេញសេនត្រល» រួមមាន៖ ទឹកសម្លាប់មេរោគ, ធុងសម្រាប់មេរោគ, អាកុល, អាវក្រៅការពារមេរោគ, អាវក្នុងការពារមេរោគ, មួកការពារមេរោគ និងម៉ាសផងដែរ។

កញ្ញា ឡូរ៉ា ប្រធាន «រ៉ូតថារីក្លឹប ភ្នំពេញកាពីតូល» និង លោក ឈរ វែងងួន ស្ថាបនិក និងជាប្រធាន «រ៉ូតថារីក្លឹប ភ្នំពេញ សេនត្រល» បានថ្លែងក្នុងពេលប្រគល់សម្ភារនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ថា ការផ្តល់នូវសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ គឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យជួរមុខរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

កញ្ញា ឡូរ៉ា និងលោក ឈរ វែងងួន បានបង្ហាញក្តីរំពឹងថា ការចូលរួមចំណែកផ្តល់សម្ភារប្រយុទ្ធប្រឆាំងជំងឺទាំងនេះ នឹងរួមចំណែកជួយប្រតិបត្តិការដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី» ក្នុងប្រតិបត្តិការរបស់ខ្លួន ហើយជួយការពារប្រជាពលរដ្ឋចៀសផុតពីជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិត ចន្ទ វឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី» បានថ្លែងថា សម្ភារដែលជាការឧបត្ថម្ភរបស់ «រ៉ូថារីក្លឹប» ជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា និងរួមចំណែកយ៉ាងសកម្ម ដើម្បីជួយថែទាំ និងព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ។

សូមបញ្ជាក់ថា «ក្លឹបរ៉ូតថារី» ជាអង្គការអន្តរជាតិមួយកើតចេញពីបណ្តុំសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មនានា ដែលមានអាយុកាលប្រមាណជា១០០ឆ្នាំមកហើយ។ អង្គការនេះមានបេសកកម្មធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមលើវិស័យអប់រំ, មន្ទីរពេទ្យ, ការគាំពារទារក និងមាតា, ទឹកស្អាត, សហគមន៍ក្រីក្រ និងក្មេងកំព្រាទុរគត។

សម្រាប់ «ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល» ដែលជាសាខាមួយនៅក្នុងប្រទេសកម្ពុជា ក៏បាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មផងដែរ ដើម្បីរួមចំណែកជួយដល់សង្គម៕