(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានជំរុញឱ្យប្រជាកសិករក្នុងមូលដ្ឋានស្រុកទាំងពីរត្រូវបង្កើនការដាំដុះដំណាំកសិផលនានា ដើម្បីបំពេញតម្រូវការឧបភោគបរិភោគក្នុងពេលប្រទេសជួបនូវវិបត្តិជំងឺកូវីដ១៩ ក្នុងនោះលោកក៏បានបញ្ជាទៅអាជ្ញាធរស្រុកទាំងពីរត្រូវជួយដោះស្រាយបញ្ហាទឹកស្រោចស្រព និងតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានដិតដល់ និងទាន់ពេលវេលា។
ការលើកឡើងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សស្រុកទាំងពីរខាងលើ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានស្រុកទាំងពីរ និងប្រធានគណបក្សឃុំទាំង ១៨។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីការអនុវត្តគោលនយោយរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់កម្មករនិយោជិត និងបុគ្គលិកបម្រើការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងវិស័យទេសចរណ៍ដែលបានបាត់បង់ការងារដោយសារវិបត្តិជំងឺកូវីដ។
ដោយលោកបានណែនាំបញ្ជាទៅកាន់អាជ្ញាធរស្រុក ឃុំ ភូមិ និងក្រុមការងារចុះជួយមូលដ្ឋានស្រុកទាំងពីរ ត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលជាអ្នកបម្រើការងារក្នុងរោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងវិស័យទេសចរណ៍ដែលបាត់បង់ការងារនោះ ដើម្បីក្ដាប់ឱ្យបាននូវចំនួនជាក់លាក់ ងាយស្រួលក្នុងការអនុវត្តតាមការណែនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបង្កើនការដាំដុះដំណាំកសិផលនានា ដូចជាដំណាំស្រូវ បន្លែ ផ្លែឈើ ក៏ដូចជាខិតខំដំណើរការសគ្រាសធុនតូច និងមធ្យមក្នុងមូលដ្ឋានឱ្យមានផលិតភាពកាន់តែច្រើន ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធផងដែរ។ លោកបានលើកឡើងថា «កាលណាមានវិបត្តិដោយសារជំងឺនេះ តម្រូវការគ្រឿងឧបភោគបរិភោគសម្រាប់មនុស្ស គឺជាតម្រូវការចាំបាច់បំផុត ដូច្នេះប្រជាកសិករគ្រប់គ្នាគួរតែចាប់យកឱកាសនេះ ដើម្បីបានទទួលទានក្នុងគ្រួសារខ្លួនផង និងដើម្បីលក់ដូរចែកចាយទៅដល់ប្រជាពលរដ្ឋដទៃផង ហើយក៏ជាការបង្កើនចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ»។
ជាមួយគ្នានោះ ប្រធានក្រុមការងារចុះជួយមូលដ្ឋានរូបនេះ ក៏បានបញ្ជាណែនាំដល់អាជ្ញាធរស្រុក ឃុំ ភូមិ នៃស្រុកបារាយណ៍ និងស្រុកតាំងគោកនេះ ត្រូវយកចិត្តទុកដាក់លើការជួយដោះស្រាយសម្រួលមធ្យោបាយ និងតម្រូវការរបស់ប្រជាកសិករដែលកំពុងបង្កបង្កើនផល ដាំដុះផលដំណាំនានា ពិសេសគឺបញ្ហាខ្វះទឹកស្រោចស្រពឱ្យបានដិតដល់ និងទាន់ពេលវេលា។
យោងតាមការរបស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំពោះវិបត្តិនៃជំងឺកូវីដ១៩ថា ទាល់តែមានវ៉ាក់សាំងសម្រាប់ប្រើប្រាស់ ទើបពិភពលោកក៏ដូចជាប្រទេសកម្ពុជាមានសុវត្ថិភាពពីជំងឺនេះ។ ដូច្នេះហើយបានជាលោក ថោង ខុន បញ្ជាក់ហើយបញ្ជាក់ទៀតឱ្យអាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋគ្រប់គ្នាត្រូវប្រុងប្រយ័ត្នចំពោះសុខភាពបន្តទៀតតាមការណែនាំរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងសុខាភិបាល ។
ចំពោះការប្រកបអាជីវកម្មមួយចំនួនដែលចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវតែធ្វើប្រកបដោយការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ត្រូវនៅឱ្យឃ្លាតឆ្ងាយពីគ្នា ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ នៅតាមផ្សារលក់ដូរត្រូវអនុវត្តតាមវិធានអនាម័យសុវត្ថិភាព និងបន្តឱ្យពលរដ្ឋចំណូលស្រុកថ្មីដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ មិនត្រូវជួបជុំគ្នាច្រើនជាដើម។
ចំពោះការងារគណបក្សក្នុងមូលដ្ឋានស្រុកទាំងពីរវិញ លោក ថោង ខុន បានជំរុញឱ្យប្រធានគណបក្សស្រុក ឃុំ និងភូមិ អនុវត្តយុទ្ធសាស្ត្រគ្រប់គ្រង និងពង្រីកសមាជិកបក្សបន្ថែមឱ្យបាន យ៉ាងតិចពី ៧០-៨០% នៃចំនួនសរុបក្នុងបញ្ជីបោះឆ្នោតនៅឆ្នាំ២០២៣។