(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ពិចារណាក្នុងការជួយគាំទ្រដល់ក្រសួងទៅលើវិស័យកំពង់ផែដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក ជាពិសេសការកសាងសមត្ថភាពដល់មន្ត្រីជំនាញ នៅក្នុងការកសាងផ្លូវថ្នល់ ក្នុងរូបភាពជាការផ្តល់នូវវគ្គបណ្តុះបណ្តាល ឬការផ្លាស់ប្តូរនូវក្រុមជំនាញការទស្សនកិច្ចសិក្សារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែ ទីក្រុងឡូសអេនជឺឡេស (Los Angeles) ជាដើម។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងស្នើយ៉ាងដូចនេះនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានទទួលជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ចំពោះសំណើនេះលោក Patrick Murphy បានធ្វើការកត់សម្គាល់ និងទទួលយកទៅពិចារណាដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។
លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ និងបានជម្រាបសួរ អំពីស្ថានភាពទូទៅនៅកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា ស្ថានភាពនៅកម្ពុជាមានភាពល្អប្រសើរ រួមទាំងស្ថានភាពសេដ្ឋកិច្ចជាពិសេសការធ្វើចរាចរណ៍ ដោយរលូននៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ទោះបីជាមានការអនុវត្តនូវវិធានការចត្តាឡីស័ក ដែលដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ចំពោះបញ្ជាការនាវិកបរទេសដែលចូលមកកម្ពុជា និងចំពោះការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវគោកជាមួយប្រទេសវៀតណាម ដើម្បីបញ្ចៀសការចម្លងនៃជំងឺនេះ តម្រូវឱ្យមានការផ្លាស់ប្តូរអ្នកបើកបររថយន្តដឹកទំនិញនៅតំបន់ស។
ក្នុងជំនួបនេះដែរលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានគូសបញ្ជាក់ អំពីខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលខែនីមួយៗនៃឆ្នាំនេះ នឹងផ្តោតទៅលើប្រធានបទផ្សេងៗគ្នា ដូចជាខែមេសា និងឧសភា គឺជាខែសម្រាប់បរិស្ថាន និងសុខភាពសាធារណៈ រីឯខែកញ្ញាត្រូវផ្តោតលើ ប្រធានបទពាណិជ្ជកម្ម និងវិនិយោគ ដែលនឹងមានការធ្វើទស្សនកិច្ចពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក មកកាន់កម្ពុជាជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងបានបង្ហាញភាពរីករាយនិងស្វាគមន៍ចំពោះកិច្ចសហការជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងគម្រោងនានានៅពេលអនាគតក្នុងវិស័យ សាធារណការ និងការដឹកជញ្ជូន៕