(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ មានការប៉ះទង្គិចគ្នារវាងអតីតអ្នកបើកបររថយន្តកាពីតូល និងអ្នករត់ម៉ូតូកង់បី មួយស្របក់ខ្លី នៅខាងមុខក្រុមហ៊ុនកាពីតូល ស្ថិតនៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ប៉ុន្តែមិនមានសេចក្តីរាយការណ៍បន្ថែម អំពីអ្នករបួសនោះទេ។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច។
ករណីនេះ គេសង្ស័យថា បណ្តាលមកពីអតីតអ្នកបើកបររថយន្តកាពីតូលទាំងនោះ ទាមទារឱ្យថៅកែទទួលយកពួកគេធ្វើការវិញ ប៉ុន្តែត្រូវបានរារាំងដោយក្រុមម៉ូតូកង់បីដែលទំនងជាក្រុមមាននិន្នាការ ការពារក្រុមហ៊ុន។
កាលពីចុងខែធ្នូ អតីតអ្នកបើកបររថយន្តកាពីតូលប្រមាណ៣០នាក់ ដែលទាមទារឱ្យថៅកែ ទទួលយកពួកគេធ្វើការវិញ ក៏ធ្លាប់មានការប៉ះសម្តីគ្នាជាមួយក្រុមម៉ូតូកង់បីដែលគាំទ្រក្រុមហ៊ុនដែរ ហើយពេលខ្លះឈានដល់ការប៉ះទង្គិចគ្នាម្តងៗផង ៕