(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាថា ចរាចរជំងឺកូវីដ១៩នៅកម្ពុជា កំពុងស្ថិតនៅលើភ្លើងពណ៌លឿងនៅឡើយ មិនទាន់ដល់ចំណុចភ្លើងពណ៌ក្រហមដែលគ្រប់គ្នាត្រូវបញ្ឈប់ការប្រុងប្រយ័ត្ននោះឡើយ។
លោកស្រី បានគូសបញ្ជាក់ថា បើមិនមានការប្រុងប្រយ័ត្នទេ ជំងឺកូវីដ១៩ នឹងនាំគ្រោះថ្នាក់ដល់សុខភាពគ្រប់ពេលវេលា។ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវបែបនេះ «ចរាចរវីរុសកូវីដ-១៩ នៅមិនទាន់មានភ្លេីងស្តុបពណ៌ក្រហមនៅឡេីយទេ។ កម្ពុជា ស្ថិតនៅស្ថានភាពភ្លេីងស្តុបពណ៌លឿងនៅឡេីយទេ។ ប្រសិនបេីមិនគោរពភ្លេីងពណ៌លឿងនេះទេ ហេីយនៅតែសម្រុកបេីកទៅមុខទៀតនោះ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩ ធ្វេីឱ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩ហើ»។
តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ចូលរួមគោរពបទបញ្ជារ និងការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដេីម្បីចៀសផុតការវ៉ៃលុករលកទី២នៃការចម្លងវីរុសកូវីដ-១៩។
សូមបញ្ជាក់ថា មកដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២២នាក់។ ប៉ុន្តែអ្នកជំងឺ ១១៩នាក់ហើយ បានព្យាបាលជាសះស្បើយ នៅសល់តែ ៣នាក់ទៀតប៉ុណ្ណោះ កំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
រយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ នៅកម្ពុជា រកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ១៩នេះឡើយ។ ស្ថានភាពនៃការរីករាលជំងឺកូវីដ១៩នៅកម្ពុជា ដែលមានភាពធូរស្បើយនេះ ហាក់នាំឱ្យប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមចេញមកធ្វើសកម្មភាពរស់នៅប្រចាំថ្ងៃដូចប្រក្រតីឡើងវិញហើយ។
អ្នកជំនាញផ្នែកសុខាភិបាល បានក្រើនរំលឹកថា ជំងឺកូវីដ១៩មិនអាចនិយាយថារលាយរលត់ពីកម្ពុជានោះឡើយ ដរាបណាមិនទាន់ថ្នាំវ៉ាក់សាំងនោះ។ អ្នកជំនាញ នៅតែបន្តអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តន៍តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល៕