(ភ្នំពេញ)៖ ក្មេងស្រី២នាក់ បានយកបាយម្ហូបទៅឲ្យឪពុករបស់ខ្លួន កំពុងបង់សំណាញ់រកត្រី រួចក៏នាំគ្នាចុះលេងទឹក តែជាអកុសលត្រូវបានលង់ស្លាប់ម្នាក់ ខណៈជួយសង្រ្គោះអាយុជីវិតបានម្នាក់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីរសៀលម៉ោង៣៖០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅចំណុចស្រះទឹករណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិទួលតាលាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះបាត់បង់អាយុជីវិតមានឈ្មោះ សាន ជូឡាយ អាយុ១៣ ឆ្នាំជាសិស្សានុសិស្ស។ រីឯក្មេងស្រីរងគ្រោះម្នាក់ទៀត ត្រូវជាប្អូន មានឈ្មោះ សាន ជូឡែន អាយុ១០ឆ្នាំជាសិស្សសាលា ដែលមានម្តាយឈ្មោះ ពុំ សុខឌី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ និងឪពុកឈ្មោះ ពៅ គឹមសាន្ត អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀនសាលាអូរដឹម មានកូនចំនួន៤នាក់ ប្រុស១នាក់ ស្រី៣នាក់ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិអូរតាញៀ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ក្មេងស្រីដែលបានស្លាប់ជាកូនច្បង ។
ស្ត្រីជាម្តាយបានរៀបរាប់ទាំងទឹកភ្នែកយ៉ាងក្តុកក្តួលថា មុនកើតហេតុឪពុកបានទៅបង់សំណាញ់ រកត្រីមកធ្វើម្ហូបអាហារតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ខណៈស្ត្រីជាម្តាយបានប្រើកូន៣នាក់ ស្រី២នាក់ ប្រុស១នាក់ ដើម្បីយកបាយទៅឲ្យឪពុកដែលកំពុងបង់សំណាញ់ ខណៈយកបាយឲ្យពុករួចហើយនោះកូនស្រី២នាក់ បានចុះទៅលេងទឹកនៅម៉ោងកើតហេតុខាងលើដោយ កូនប្រុសម្នាក់ទៀតមិនបានចុះលេងទឹកនឹងគេឡើយ។ខណៈនោះជាអកុសល ក្មេងស្រីទាំង២នាក់ បងប្អូនក្មេងស្រីជាប្អូនផុងជើងលង់ ហើយក្មេងជាបងស្ទុះទៅស្រវ៉ាចាប់ ត្រូវបានធ្លាក់ចូលទឹកជ្រៅលង់ទាំង២នាក់ ភ្លាមៗត្រូវបានឪពុក និងអ្នកក្បែរនោះ ជួយសង្រ្គោះបានម្នាក់យកឡើងគោក ចំណែកក្មេងជាបងលង់ស្លាប់តែម្តង ។
នៅពេលកើតហេតុបានបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋអាជ្ញាធរសមត្ថកិច្ច ទៅជួយចុះរាវរកប្រើគ្រប់មធ្យោបាយបង់សំណាញ់រកអូសខ្សែ ហើយក៏មានអន្តរាគមន៍ ពីកម្លាំងអង្គភាពឆ័ត្រយោង៩១១ ប្រើប្រាស់បំពង់អុកស៊ីហ្សែន ចុះមុជរាវរកក្មេងស្រីបាត់ខ្លួន រហូតដល់វេលាម៉ោង០៥៖៥៥នាទីល្ងាចថ្ងៃដដែលទើបមុជរាវ រកក្មេងស្រីខាងនោះឃើញតែជាអកុសលនាងបានស្លាប់បាត់ទៅហើយ ឪពុកម្តាយទ្រហោយំស្ទើរគាំងបេះដូង ឱបសពកូនស្រីគួរយ៉ាងអាណោចអធ័មជាទីបំផុត។
ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់សពក្មេងស្រីរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី នៃព្រះពុទ្ធសាសនា៕