(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង។
វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ។
មុននឹងចាប់ផ្តើមអនុវត្តន៍នូវការរឹតបន្តឹងច្បាប់នេះ មន្ត្រីនគរបាលចរាចរណ៍បានធ្វើការផ្សព្វផ្សាយអស់ពេលមួយរយៈកន្លងមកហើយ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ចរាចរណ៍ ដើម្បីសួរនាំរកឯកសារនោះទេ។ អ្នកធ្វើដំណើរត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ។
ជាមួយគ្នានេះ ចំពោះការដំឡើងកម្រិតផាកពិន័យ សម្ដេចបានផ្ដល់ការពន្យល់ជូនទៅវិញបងប្អូនប្រជាពលរដ្ឋថា មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ។ ផ្ទុយទៅវិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ។
ខាងក្រោមជាកម្រិតផាកពិន័យមួយចំនួនក្នុងអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់អនុវត្តពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០
* សម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់៤៖
១៖ ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរ ព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។
២៖ ពិន័យទឹកប្រាក់៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៣៖ ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។
៤៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។
៥៖ ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។
៦៖ ត្រូវពិន័យចំនួនទឹកទឹកប្រាក់ ២៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.២៥ ទៅ ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៥ ទៅ ០.៧៩ក្រាម ក្នុងមួយលីត្រឈាម។
៧៖ ពិន័យ ១លានរៀល ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម។
* សម្រាប់អ្នកបើកបរយានយន្តធុនស្រាល និងធុនធ្ងន់៖
១៖ បើកគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ
* សម្រាប់យានយន្តធុនស្រាល ពិន័យទឹកប្រាក់ ១លាន ពីរសែនរៀល។
* សម្រាប់យានយន្តធុនធ្ងន់ ពិន័យទឹកប្រាក់ ២លាន ៤សែនរៀល។
ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
២៖ អ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម៖
* ពិន័យ ២លានរៀល សម្រាប់យានយន្តធុនស្រាល
* ពិន័យ ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់
ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត ក្នុងរយៈពេល៦ខែ គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាសទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕