(សៀមរាប)៖ ឧទ្យានអង្គរជាតំបន់បេតិកភណ្ឌពិភពលោក ដែលមានមនុស្សរស់នៅ ហើយជាអ្នកស្រុកចាស់ និងជាអ្នកថែរក្សា នូវទំនៀមទម្លាប់ប្រពៃណី ក្នុងការរស់នៅរបស់ខ្លួនតាំងពីដូនតាមក។
ប្រជាពលរដ្ឋម្ចាស់ស្រុកទាំងនោះ ជាផ្នែកមួយដ៏សំខាន់នៃមរតកវប្បធម៌របស់អ្នកស្រុកអង្គរ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។
ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុក ត្រូវបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានសិទ្ធិទទួលបានការអនុញ្ញាត ជាគោលការណ៍ក្នុងការសាងសង់លំនៅដ្ឋានរបស់ខ្លួន ក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀតផងដែរ។
ក្រោយបានការអនុញ្ញាត មន្ត្រី-បុគ្គលិកជំនាញរបស់នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅដល់ទីតាំងសាងសង់ផ្ទាល់ ដើម្បីពិនិត្យតាមដាន និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់ ហើយធ្វើយ៉ាងណាឱ្យសំណង់ទាំងនោះ អនុលោមតាមលិខិតអនុញ្ញាត និងគោលការណ៍គ្រប់គ្រងសំណង់លំនៅដ្ឋានក្នុងឧទ្យានអង្គរ ដែលសំណង់ទាំងនោះជាសំណង់ស្រាល សង់ខ្ពស់ផុតពីដី ហើយក៏ជាសំណង់បែបប្រពៃណី តពីដូនតាខ្មែរមកដែរ ដែលបង្កឱ្យការរស់នៅសមស្រប តាមលក្ខណៈអាកាសធាតុផង មុខរបរប្រចាំថ្ងៃផង និងជំនឿប្រពៃណីរបស់ខ្មែរយើងផង។
រយៈពេលមួយសប្តាហ៍មកនេះ អាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងជួយលក្ខណៈបច្ចេកទេស ដល់ប្រជាពលរដ្ឋបានចំនួន ២០៤គ្រួសារ ដូចខាងក្រោម៖
១៖ ក្រុងសៀមរាប បានចំនួន៥៤គ្រួសារ
២៖ ស្រុកប្រាសាទបាគង បានចំនួន៥១គ្រួសារ
៣៖ ស្រុកបន្ទាយស្រី បានចំនួន៣៧គ្រួសារ
៤៖ ស្រុកពួក បានចំនួន២៧គ្រួសារ
៥៖ ស្រុកអង្គរធំ បានចំនួន៣៥គ្រួសារ។
កិច្ចការទាំងនេះ បានធ្វើឱ្យចំនួនសំណង់ដែលមិនមែនជាផ្ទះខ្មែរ និងខុសពីគោលការណ៍បេតិកភណ្ឌ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់ឧទ្យានអង្គរ ត្រូវបានថយចុះ ហើយសំណង់បែបប្រពៃណីត្រូវបានលេចរូបរាងឡើងក្នុងឧទ្យានអង្គរជាបន្ត៕