(ភ្នំពេញ)៖ ក្នុងរយៈពេលមួយសប្ដាហ៍ ម្ចាស់រថយន្ដបានយករថយន្ដរបស់ខ្លួន ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ជិត១៣,០០០គ្រឿង នៅទូទាំងប្រទេស។ នេះបើយោងតាមស្ថិតិដែលបង្ហាញដោយ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
របាយការណ៍របស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ បានបញ្ជាក់ថា រថយន្ដដែលបានចូលទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ មានចំនួនសរុប១២,៧៥៧គ្រឿង ក្នុងនោះរួមមាន៖
* ថ្ងៃទី២៣ ខែមេសា៖ មានចំនួន ១,៣៩៤គ្រឿង
* ថ្ងៃទី២៤ ខែមេសា៖ មានចំនួន ១,៤០៧គ្រឿង
* ថ្ងៃទី២៥ ខែមេសា៖ មានចំនួន ៣១៨គ្រឿង
* ថ្ងៃទី២៧ ខែមេសា៖ មានចំនួន ២,៥៤៤គ្រឿង
* ថ្ងៃទី២៨ ខែមេសា៖ មានចំនួន ២,៩៧៨គ្រឿង
* ថ្ងៃទី២៩ ខែមេសា៖ មានចំនួន ៤,១១៦គ្រឿង។
ជាការកត់សម្គាល់ ការយករថយន្ដសម្រុកទៅឆៀកនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើនការផាកពិន័យ ចំពោះអ្នកបើកបរល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ហើយត្រូវគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំណត់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០២ស្អែកនេះតទៅ។
មន្ដ្រីជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឲ្យដឹងដែរថា ជាធម្មតាមានរថយន្តទៅឆៀកនៅទូទាំងប្រទេសមាន ក្រោម ឬជាង១,០០០គ្រឿងប៉ុណ្ណោះ ក្នុងមួយថ្ងៃ ប៉ុន្តែក្នុងរយៈពេល៣ចុងក្រោយថ្ងៃនេះ គឺកើនឡើងខ្លាំង គឺជាង២,០០០គ្រឿង ដល់៤,០០០គ្រឿងក្នុងមួយថ្ងៃ ដែលតម្រូវឲ្យមន្ដ្រីទទួលបន្ទុកការងារនេះ ត្រូវបង្កើនម៉ោងធ្វើការ។
មន្ដ្រីជំនាញបានអះអាងទៀតថា ដោយសារចំនួនរថយន្ដចូលឆៀកកើនឡើងខ្លាំង បច្ចុប្បន្នក្រសួងបានតម្រូវឲ្យទីតាំងឆៀករថយន្ដ ធ្វើការថ្ងៃអាទិត្យបន្ថែមទៀត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ។
សូមជម្រាបថា ក្នុងអនុក្រឹត្យថ្មីស្តីពីការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បានកំណត់ថា អ្នកបើកបរដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេទេសយាន ឬប្រើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈហួសសុពលភាព ត្រូវពិន័យទឹកប្រាក់ចំនួន ១៨ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និងពិន័យទឹកប្រាក់ ៣៧ម៉ឺន ៥ពាន់រៀល សម្រាប់យានយន្តធុនធ្ងន់៕