(ភ្នំពេញ)៖ លោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៣០ខែមេសា ឆ្នាំ ២០២០នេះ បានសម្រេចចេញដីកា បង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទចំនួន ៥នាក់ ករណីសម្លាប់ស្ត្រី នៅមុខសាលាមត្តេយ្យវត្តកោះ និងឆក់ជនរងគ្រោះបណ្តាលឱ្យដួលស្លាប់ នៅខណ្ឌបឹងកេងកង ពីបទឃាតកម្ម តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ការសម្រេចឃុំខ្លួនជនត្រូវចោទទាំង៥នាក់នេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង ផេង បានបើកការស៊ើបសួរនឹងសម្រេចចោទប្រកាន់ជាផ្លូវការបន្ទាប់ពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវស្វែង រកចាប់ខ្លួនក្រុមនេះ បានម្ដងមួយៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយក្រុមជនសង្ស័យ បានធ្វើសកម្មភាពវាយសម្លាប់ស្ត្រីម្នាក់ នៅមុខសាលាមត្តេយ្យវត្តកោះ។
ក្រុមជនសង្ស័យទាំង៥នាក់ខាងលើនេះ រួមមានទី១៖ ឈ្មោះ ឡាយ ពេជ្យបញ្ញា អាយុ២០ឆ្នាំ, ទី២៖ ឈ្មោះ សុធា រ៉ាបី អាយុ២០ឆ្នាំ, ទី៣៖ ឈ្មោះ សុខ ឡេង អាយុ២០ឆ្នាំ, ទី៤៖ ឈ្មោះ ស៊ុន ធារ៉ា អាយុ២០ឆ្នាំ (ក្រោយសួរនាំមិនពាក់ព័ន្ធ), ទី៥៖ ឈ្មោះ ស៊ីន ទី អាយុ១៧ឆ្នាំ និងទី៦៖ ឈ្មោះ ទឹម ស៊ូសីហាតូ អាយុ១៦ឆ្នាំ។
សូមរំលឹកថា ជនដៃដល់ទំាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌបឹងកេងកង កម្លាំងនគរបាល ព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកប្រតិបត្តិការរួមគ្នាតាមបង្ក្រាបបានកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០៕