(ភ្នំពេញ)៖ រដ្ឋបាលកងអន្តរាគមន៍៥៩៤ នៃបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រារព្វពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២០ ជាមួយការជូនបណ្ណសរសើរ និងលិខិតសរសើរ ជូននាយទាហាន នាយទាហានរង និងពលទាហាន មានស្នាដៃឆ្នើមចំនួន៨៨រូប ដែលមានស្នាដៃក្នុងបំពេញភារកិច្ចការពារ សន្តិសុខ សុវត្តិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារក្នុងឆ្នាំកន្លងទៅ។
ពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២០ របស់រដ្ឋបាលកងអន្តរាគមន៍៥៩៤ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ធ្វើឡើងក្រោមអធិបតីឧត្តមសេនីយ៍ឯក សុខ សុវណ្ណ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកកងអន្តរាគមន៍៥៩៤ និងឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកស្នងការដ្ឋានស្រាវជ្រាវ សន្តិសុខ និងកងអន្តរាគមន៍៥៩៤។
ក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន មេបញ្ជាការកងអន្តរាគមន៍៥៩៤ បានលើកឡើងពីចំណុចខ្លាំង ចំណុចខ្សោយ និងទិសដៅការងារអនុវត្តបន្ត របស់រដ្ឋបាលកងអន្តរាគមន៍៥៩៤ ដោយផ្អែកលើអនុសាសន៍ និងអភិក្រមកំណែទម្រង់ស៊ីជម្រៅ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ «ងួតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់»។ លោកក៏បានលើកឡើងពីយុទ្ធសាស្រ្តកំណែទម្រង់៥ឆ្នាំ របស់កងយោធពលខេមរភូមិន្ទផងដែរ។
ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន បានគូសបញ្ជាក់ថា អភិក្រមរបស់បញ្ជាការដ្ឋានអង្គរក្ស គឺ «ស្មោះត្រង់ ការពារ បម្រើ» និងបទបញ្ជាផ្ទៃក្នុងនានា របស់បញ្ជាការដ្ឋានអង្គរក្ស និងបទបញ្ជាផ្ទៃក្នុងរបស់កងអន្តរាគមន៍៥៩៤។
ក្នុងកិច្ចប្រជុំនេះ គណៈអធិបតីក៏បានក្រៀនរំលឹក និងតាស់តឿនដល់នាយទាហាន ពលទាហានទាំងអស់ នៃកងអន្តរាគមន៍៥៩៤ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចការពារ បូរណភាពទឹកដី ការពារសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយភាពស្មោះត្រង់ខ្ពស់បំផុត។
ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ បានធ្វើការក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានជាប់ជាប្រចាំក្នុងការលាងសំអាតដៃ នឹងសាប៊ូ ទឹកលាងដៃ ដើម្បីការពារសុខភាពរបស់យើងឲ្យរួចចាកផុតពី ការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ ដែល កំពុងរាតត្បាតជាសកល ពិសេសត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការផ្សព្វផ្សាយណែ នាំពីក្រសួងសុខាភិបាល។
លោកឧត្តមសេនីយ៍ឯក ក៏បានផ្សព្វផ្សាយជូនដល់នាយទាហាន និងពលទាហានទាំងអស់ នៃកងអន្តរាគមន៍ ៥៩៤ចូលរួមអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព នូវការរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងត្រូវអនុវត្តន៍ជាធរមានចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០តទៅ។
សូមបញ្ជាក់ថា កងអន្តរាគមន៍៥៩៤ គឺជាអង្គភាពរៀបរយមួយ ដែលត្រូវបង្កើតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៤ មានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ប្រចាំការនៅរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំបូកសរុបការងារនេះ ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ និងឧត្តមសេនីយ៍ឯក បណ្ឌិត ដួង ហេង បានជូនបណ្ណសរសើរចំនួន៤៨ និងលិខិតសរសើរចំនួន៤០ ដែលចេញដោយបញ្ជាការដ្ឋានអង្គរក្ស ជូនដល់នាយទាហាន នាយទាហានរង ដែលមានស្នាដៃបំពេញភារកិច្ចការបម្រើ ការពារ ស្មោះត្រង់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ៕