(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា សម្តេចប្រើទូរស័ព្ទ Smart Phone ចំនួន ៥គ្រឿង ដើម្បី គ្រប់គ្រងព័ត៌មានប្រចាំថ្ងៃ និងឆ្លើយតបឲ្យទាន់ពេលវេលា និងតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចបានទទួលស្គាល់ថា បច្ចេកវិទ្យា គឺ មានសារប្រយោជន៍សំខាន់បំផុត ដល់ការអភិវឌ្ឍ និងថែរក្សាសន្តិភាព សន្តិសុខសង្គម។
ភ្ជាប់ជាមួយរូបភាពកំពុងមមាញឹកជាមួយទូរស័ព្ទជាច្រើនគ្រឿង សម្តេចតេជោ បានបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចថា នា ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះថា «ជនរួមជាតិខ្លះប្រាកដ ជាឆ្ងល់ ព្រោះឃើញខ្ញុំកាន់ជាប់ជានិច្ចនូវកាបូបដៃតូចមួយ ទោះទៅ ដល់ទីណា ក៏ដោយ។ ក្នុងកាបូបនេះ គឺមានផ្ទុកទូរស័ព្ទចំនួន៥ ដែលសម្រាប់តាមដានមើល ស្តាប់ និង ទទួលព័ត៌មាន ដែលសហការី បានផ្ញើជូននៅរៀងរាល់នាទី។ ខ្ញុំទទួលស្គាល់ច្បាស់ថា បច្ចេកវិទ្យា ព័ត៌មាន គឺមានសារប្រយោជន៍សំខាន់បំផុតដល់ការអភិវឌ្ឍន៍ និង ថែរក្សាស្ថេរភាពសន្តិសុខសង្គមជាតិ»។
សម្តេចតេជោ បានអំពាវនាវថ្នាក់ដឹកនាំ និង មន្រ្តីរាជការទូទាំងប្រទេស សិក្សារៀនសូត្របន្ថែម អំពីរបៀបប្រើប្រាស់សំភារៈបច្ចេកវិទ្យា ជាពិសេស Smart Phone ឲ្យទាន់ការវិវឌ្ឍន៍ជឿនលឿន ដែលនាំមកនូវអត្ថប្រយោជន៍ច្រើនដល់ការងារប្រចាំថ្ងៃ និង ផ្តល់ផល ប្រយោជន៍ កាន់តែច្រើនដល់សង្គមជាតិទាំងមូល។
សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា បើទោះបីសម្តេចនៅទីណាក៏ដោយ ក៏សម្តេចតែងមានអារម្មណ៍នៅជិតប្រជាពលរដ្ឋ ព្រមទាំងដោះ ស្រាយការងារជូនប្រជាពលរដ្ឋបានជានិច្ច តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ទោះបីខ្ញុំទៅដល់ទីណា ខ្ញុំតែងតែមានអារម្មណ៍នៅជិតជាមួយប្រជាពលរដ្ឋ ព្រោះបានស្តាប់ បាន ឃើញ និង បានដឹងអំពីសុខទុក្ខរបស់បងប្អូនជនរួមជាតិនៅគ្រប់ទីកន្លែងទាំងអស់។ ព្រោះសុខទុក្ខរបស់បងប្អូនជនរួមជាតិ គឺជាសុខទុក្ខ របស់ខ្ញុំផ្ទាល់ផងដែរ។ អ្វីដែលសំខាន់ជាងទៀត គឺខ្ញុំបានដោះស្រាយបញ្ហាទាន់ពេលទៅនឹងការសុំយោបល់របស់ថ្នាក់ដឹកនាំ នៃស្ថាប័ន របស់រាជរដ្ឋាភិបាល ដែលត្រូវការយោបល់ ឬការសំរេចរបស់ខ្ញុំលើបញ្ហា បន្ទាន់ទាក់ទងនិងកិច្ចការក្នុងក្រៅប្រទេសមួយចំនួន»៕