(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA Cambodia) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានចុះបញ្ជីលក់មូលបត្របំណុលចំនួន ៨០ពាន់លានរៀល ដែលស្មើនឹង២០លានដុល្លារអាមេរិក ដែលមានរយៈពេល៥ឆ្នាំជាមួយអត្រាគូប៉ុង ៥.៥០%ក្នុងមួយឆ្នាំនៅផ្សារមូលបត្រកម្ពុជា ដែលជាការ បោះផ្សាយលក់មូលបត្របំណុល លើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
សញ្ញាបណ្ណសាជីរកម្មRMA Cambodia គឺជាសញ្ញាបណ្ណដែលត្រូវបានធានា១០០% ដោយស្ថាប័ន Credit Guarantee and Investment Facility ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី និងចុះបញ្ជីលក់សញ្ញាបណ្ណ ក្រោមក្របខណ្ឌការបោះផ្សាយសញ្ញាបណ្ណពហុរូបិយប័ណ្ណអាស៊ាន+៣ ASEAN+3 Multi-Currency Bond Issuance Framework (AMBIF)។
លោក Kevin Whitcraft នាយកប្រតិបត្តិរបស់ RMA Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RMA Cambodia បានថ្លែងថា ការបោះផ្សាយមូលបត្របំណុលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងសម្រាប់ RMA Group និងបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការត្រួសត្រាយផ្លូវ ក្នុងនាមជាក្រុមហ៊ុន មិនមែនស្ថាប័នហិរញ្ញវត្ថុ ដែលបានបោះផ្សាយមូលបត្របំណុលដំបូងបង្អស់នៅប្រទេសកម្ពុជា។
លោកបានបន្ថែមថា «យើងមានទំនុកចិត្តយ៉ាងពេញទំហឹង ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយបានបោះជំហាន ទៅមុខជាមួយនឹងការបោះផ្សាយលក់សញ្ញាបណ្ណ ទោះបីជាមានបញ្ហាប្រឈម ជុំវិញការរីករាលដាលនៃជំងឺរាតត្បាត Covid-១៩ ក៏ដោយ។ ស្ថាប័ន CGIF នៅតែមានការប្តេជ្ញាចិត្តខ្ជាប់ខ្ជួន និងចំណាប់អារម្មណ៍របស់ វិនិយោគគិននៅតែមានភាពរឹងមាំ សូម្បីតែក្នុងស្ថានភាពមិនប្រក្រតីក៏ដោយ ក៏មូលបត្របំណុលត្រូវបានធ្វើបរិវិសកម្មទាំងអស់ប្រកបដោយជោគជ័យ។ នេះគឺជាសក្ខីភាព នៃកេរ្តិ៍ឈ្មោះ និងភាពដែលអាចជឿទុកចិត្តបានរបស់ក្រុមហ៊ុន RMA Cambodia»។
លោកស្រី Sun Guiying នាយកប្រតិបត្តិនៃស្ថាប័ន CGIF បានថ្លែងថា ទោះបីមានបញ្ហាប្រឈម ដែលកើតមានដោយជំងឺរាតត្បាតរីករាលដាលថ្មី Covid ១៩ក៏ដោយ CGIF មានមោទនភាពដែលបានធ្វើការដោយជោគជ័យជាមួយក្រុមហ៊ុន RMA Cambodia និងនិយតករមូលបត្រនៅប្រទេសកម្ពុជា ក្នុងការបោះផ្សាយមូលបត្របំណុលដំបូង របស់ក្រុមហ៊ុន RMA Cambodia។ គម្រោងនេះបង្ហាញពីសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលជាច្រើនរបស់ CGIF ដែលសញ្ញាបណ្ណនេះ ជាសញ្ញាបណ្ណ មានការធានាដំបូងបង្អស់ដោយ CGIF សម្រាប់ស្ថាប័នមិនមែនហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។
ការបោះផ្សាយមូលបត្របំណុលនេះ មានគោលបំណងមិនត្រឹមតែពង្រឹងទំនុកចិត្ត របស់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញក្រុមហ៊ុនផ្សេងទៀត ដែលមានបំណង បោះផ្សាយសញ្ញាបណ្ណនាពេលអនាគត ក្នុងការទាញយកទីផ្សារមូលបត្របំណុលក្នុងស្រុកផងដែរ។
លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា ដែលជានិយតករមូលបត្ររបស់កម្ពុជា បានឱ្យដឹងដែរថា ការបោះផ្សាយមូលបត្របំណុល ដោយជោគជ័យរបស់ RMA Cambodia នឹងក្លាយជាគំរូមួយសម្រាប់ប្រតិបត្តិការនាពេលអនាគត។ មូលបត្របំណុល ដែលមានបុគ្គលធានានេះ ផ្តល់នូវជម្រើស ឧបករណ៍ហិរញ្ញវត្ថុថ្មីមួយសម្រាប់ក្រុមហ៊ុនឯកជនក្នុងវិស័យផ្សេងៗ ដើម្បីប្រមូលមូលនិធិកាន់តែច្រើនជាមួយនឹងរយៈពេលវែងជាងមុន។
លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងដែរថា ទោះបីមានស្ថានភាពទីផ្សារ មានភាពមិននឹងនរក៏ដោយ នឹងនៅតែបន្តសម្រេច ក្នុងការចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន RMA Cambodia នៅផ្សារមូលបត្រកម្ពុជាបានដោយរលូន។ ក្នុងស្ថានភាពបែបនេះ វាជាសញ្ញានៃការតស៊ូ និងបង្ហាញពីសញ្ញាវិជ្ជមានដល់វិនិយោគិននានា។
លោក ងន សាំង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន RMA Cambodia បានថ្លែងដែរថា ក្រុមហ៊ុន RMA Cambodia តែងតែយកចិត្តទុកដាក់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុរបស់ប្រទេស។ ក្នុងករណីនេះយើងរីករាយ ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ របស់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់បន្ថែមថា «អាជីវកម្មរបស់យើងបានដំណើរការយ៉ាងល្អ ជាមួយនឹងការចែកចាយផលិតផលល្បីៗមួយចំនួនដូចជា រថយន្ត Ford រថយន្តប្រណិតម៉ាក Jaguar Land Rover បរិក្ខារកសិកម្មទំនើបម៉ាក John Deere បរិក្ខារសំណង់ម៉ាក JCB, TCM, JLG ឡានដឹកទំនិញម៉ាក Fuso និង សម្ភារៈមួយចំនួនទៀត សម្រាប់ថែរក្សា ទំនិញលើកដាក់ទំនិញ និងសម្អាត។ មូលបត្របំណុលជាប្រភពទុន ដើម្បីបង្កើនចំណែកទីផ្សារថែមទៀតដល់ក្រុមហ៊ុន»៕