(ភ្នំពេញ)៖ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា នៅព្រឹកព្រលឹម ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានឃាត់ខ្លួន សហជីពរបស់លោក ៥នាក់ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅម្តុំរោងចក្រ Agile sweater ដែលស្ថិតនៅភូមិតាអោង សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកមិញ។
ទោះជាយ៉ាងណាចំពោះព័ត៌មាននេះ Fresh News មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពី សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានភ្លាមៗនៅឡើយទេ។
លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា លោកនឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅម៉ោង១០៖០០ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ នៅស្នាក់ការរបស់លោក ជាប់ផ្លូវសហព័ន្ធរុស្ស៊ី ដើម្បីបង្ហាញពីការចាប់ខ្លួន សមាជិកសហជីពនៅព្រឹកមិញ។
សូមជំរាបថាថ ទំនាស់នៅរោងចក្រ រោងចក្រ Agile Sweater បានកើតឡើងរយៈពេលជាង២សប្តាហ៍មកហើយ ដោយកម្មករបានទាមទារលក្ខខណ្ឌការងារ៩ចំណុច ប៉ុន្តែថៅកែមិនចេញមុខដោះស្រាយ។
លក្ខខណ្ឌទាំងនោះមានដូចជា ៖ ទី១.សុំឲ្យដករដ្ឋបាលចេញ , ទី២.ឲ្យក្រុមហ៊ុនអនុញ្ញាតច្បាប់ជូនកម្មករ ពេលមានធុរៈចំាបាច់, ទី៣ ឲ្យក្រុមហ៊ុនផ្តល់ប្រាក់ធ្វើដំណើរបន្ថែម៣ដុល្លារទៀត, ទី៤ ឲ្យក្រុមហ៊ុនដកពាក្យបណ្តឹងដែលប្តឹងមកលើកម្មករនិងតំណាងកម្មករ, ទី៥ មិនត្រូវបញ្ឈប់កម្មករក្នុងកំឡុងពេលធ្វើកូដកម្មករឡើយ, ទី៦ ឲ្យក្រុមហ៊ុនប្តូរកិច្ចសន្យាពី៣ខែទៅ១ឆ្នាំវិញ , ទី៧សូមឲ្យក្រុមហ៊ុនដំឡើងតម្លៃឡូតាមកម្រិតនៃអាវដែលដេរ, ទី៨ ឲ្យក្រុមហ៊ុន បន្ថែមលុយបាយពេលល្ងាយចំនួន ២០០០រៀល ទៀតនិងទី៩ ក្រុមហ៊ុនត្រូវគិតប្រាក់ឈ្នួល ជូនកម្មករធ្វើការងារ នៅក្នុងថ្ងៃបុណ្យគុណនឹង២៕