(ភ្នំពេញ)៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានវាយតម្លៃថា អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ធ្វើការបានយ៉ាងល្អ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដល់ជនជាប់ឃុំ នៅតាមពន្ធនាគារ ជាពិសេសនៅឯមណ្ឌលអប់រំកែប្រែទី១ (ម១)។

នេះបើតាមលោក ជីងហ្គី រ៉េយអាមប៊េកកូវ អនុប្រធានអ្នកសម្របសម្រួល គម្រោងក្នុងពន្ធនាគារ ICRC បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសលោកដឹកនាំសកម្មភាព បន្តបញ្ជូនសម្ភារអនាម័យ ជូនអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងពន្ធនាគារ។

លោក ជីងហ្គី រ៉េយអាមប៊េកកូវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះគោលការណ៍ ឬក៏សេចក្តីណែនាំ និងបទដ្ឋានផ្សេងៗ ដែលបានដាក់ចេញ មានការចូលរួមពីអគ្គនាយកដ្ឋានពន្ធនាគារតាំងពីដំបូងមកម្ល៉េអ។ យើងអាចបញ្ជាក់ថា ការចូលរួមការខិតខំអនុវត្តន៍ ទៅលើសេចក្តីណែនាំ គឺវាយតម្លៃខ្ពស់ ទៅដល់ការព្យាយាមអនុវត្តន៍»។

បើតាមមន្ត្រី ICRC រូបនេះ, អគ្គនាយកដ្ឋានពន្ធនាគារ អនុវត្តន៍បានល្អតាមរយៈការយកចិត្តទុកដាក់ ថែទាំសុខភាពជនជាប់ឃុំ ការសម្អាតបរិស្ថាន នៅក្នុងពន្ធនាគារ ដើម្បីសម្លាប់មេរោគផ្សេងៗ និងការផ្សព្វផ្សាយពីវិធីបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ២៩ ដល់ជនជាប់ឃុំ។ ICRC ចូលរួមជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីធ្វើយ៉ាងណា ធានាថាជនជាប់ឃុំ មានសុវត្ថិភាពពីជំងឺកូវីដ១៩។

លោក ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា គិតមកដល់ពេលនេះ មិនទាន់មានជនជាប់ឃុំណាម្នាក់ ឆ្លងជំងឺកូវីដ១៩ នោះទេ។ លោកថ្លែងថា អគ្គនាយកដ្ឋានពន្ធនាគារ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារជនជាប់ឃុំ។

លោកបានបន្តថា អំឡុងពេលមានវិបត្តិកូវីដ១៩ អគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ចេញវិធានការមួយចំនួន ដើម្បីបង្ការ ការពារ និងទប់ស្កាត់ជំងឺនេះ រួមមាន៖

* ហាមការសួរសុខទុក្ខជនជាប់ឃុំ លើកលែងតែករណីចាំបាច់ ហើយបើទោះជាមានការឲ្យជួបជនជាប់ឃុំ ក៏ត្រូវអនុវត្តន៍តាមការការពារខ្លួន ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
* ករណីមានជនជាប់ឃុំចូលថ្មី ត្រូវដាក់ពួកគាត់ឲ្យនៅដោយឡែក១៤ថ្ងៃសិន។
* ផ្សព្វផ្សាយការយល់ដឹងអនាម័យ ដល់ជនជាប់ឃុំ ព្រមទាំងចែកសម្ភារ បរិក្ខា សម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដល់ពួកគាត់។
* ការបាញ់ក្ល តាមបន្ទប់ជនជាប់ឃុំ តាមបរិវេណពន្ធនាគារជាដើម។
* សូម្បីមន្ត្រីធ្វើការនៅក្នុងពន្ធនាគារ ពេលចេញចូលមណ្ឌលកែប្រែ ក៏មានការប្រយ័ត្នប្រយែងខ្ពស់ផងដែរ។

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំប្រទេសកម្ពុជា (ICRC) បានចុះហត្ថលេខា ប្រគល់សម្ភារអនាម័យចំនួន២០តោន ជូនអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបង្ការការរីករាលដាលនៃ ជំងឺកូវីដ១៩ក្នុងពន្ធនាគារ នៅឯមណ្ឌលអប់រំកែប្រែទី១ (ម១)។

គោលបំណងនៃការឧបត្ថម្ភសម្ភារទាំងនេះ គឺក្នុងន័យគាំទ្រនិងចូលរួមបំពេញបន្ថែម នូវកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការបង្កាទប់ស្កាត់ និងការគ្រប់គ្រងការរាតត្បាតនៃជំងឺខូវីដ១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត។

អគ្គនាយកដ្ឋានពន្ធនាគារទទួលបន្ទុកក្នុងការគ្រប់គ្រង និងបែងចែកសម្ភារទាំងនេះ ខណៈដែល ICRC បានត្រៀមកញ្ចប់ថវិកាចំនួន ២៣០,០០០ដុល្លារអាមេរិក សម្រាប់កិច្ចប្រតិបត្តិការ ទៅលើការផ្គត់ផ្គង់សម្ភារ និងឧបករណ៍ដែលចាំបាច់ និងផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ដល់អាជ្ញាធរក្នុងពន្ធនាគារ។ យ៉ាងណាមិញនៅមានចំណុចជាច្រើនទៀត ដែលគួរតែត្រូវបានបំពេញ នៅក្នុងនេះផងដែរ ICRC បានអំពាវនាវដល់ស្ថាប័នមនុស្សធម៌ទាំងឡាយ និងស្ថាប័ននានា ដែលមានគោលបំណងចង់ចូលរួមចំណែក ក្នុងកិច្ចការមនុស្សធម៌នេះ អាចចូលរួមបានតាមលទ្ធភាព។

គួរបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា ICRC បានបន្ថែមទិសដៅបេសកកម្មរបស់ខ្លួន ក្នុងការឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន។ អង្គការមនុស្សធម៌នេះទៀតសោត កំពុងតែផ្ដោតការយកចិត្តទុកដាក់គាំទ្រដល់អាជ្ញាធរក្នុងតំបន់ ដើម្បីទប់ស្កាត់ការឆ្លងឬរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងពន្ធនាគារ ហើយនឹងប្រាកដថា ជនជាប់ឃុំនៅតែអាចមានទំនាក់ទំនងជាមួយគ្រួសាររបស់គេដដែល។

ICRC ក៏ប្រាកដថា មណ្ឌលស្ដារលទ្ធភាព ពលកម្ម កាយសម្បទា ក្នុងខេត្តបាត់ដំបង និងកំពង់ស្ពឺ និងនៅតែមានប្រតិបត្តិការដដែល។ ជាងនេះទៅទៀត កិច្ចគាំទ្រជាមួយសមាគមជាតិកាកបាទក្រហម ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអនាម័យ សុខភាព និងវិធីសាស្រ្តសុវត្ថិភាព ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩៕