(តាកែវ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ទកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយប្រតិភូអមដំណើរ ក្រុមការងារជាច្រើនរូបផងដែរ បាននាំយកថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៤២.៣៧២.៥០០រៀល យកមកប្រគល់ជូនក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី សឹម សុខា នាយរងវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល ដែលទើបទទួលមរណៈភាពនាពេលថ្មីៗនេះ ដោយរោគាពាធ។

ពិធីនេះ មានការចូលរួមពីសំណាក់ លោកអភិបាលស្រុកកោះអណ្តែត លោកមេភូមិកោះអណ្តែត និងបងប្អូនប្រជាពលរដ្ឋ នៃក្រុមគ្រួសារសពផងដែរ។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី បានថ្លែងថា ថវិកាទាំងនេះបានមកពីការចូលរួមរបស់នាយ នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងនោះថវិកា ចំនួន៥លានរៀល គឺជាថវិកាផ្ទាល់ របស់នាយឧត្តមសេនីយ៍ សៅ សុខា និងដោយមានការជួយសម្របសម្រួលដោយផ្ទាល់ពីសំណាក់លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ផងដែរ។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបញ្ជាក់ឲ្យដឹងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបង្កើតមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង គឺបានជួយសម្របសម្រួលជាច្រើនណាស់ ទៅដល់ក្រុមគ្រួសារអាវុធហត្ថ ពលី មរណៈក្នុងក្របខណ្ឌទូទាំងប្រទេសទាំងអស់ ដោយបានបង្កភាពងាយស្រួលជួយសម្របសម្រួលទៅដល់ពួកគាត់ ក្នុងជីវភាពរស់នៅបច្ចុប្បន្ន និងថ្ងៃទៅមុខ បន្ទាប់ពីបានបាត់បង់សមាជិកជាទីស្រលាញ់ទៅ ដោយគ្មានថ្ងៃនឹងវិលត្រឡប់វិញឡើយ៕