(ភ្នំពេញ)៖ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានអះអាងថា ខណៈចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ព្រះសង្ឃនៅតែអាចនិមន្តបិណ្ឌបាត និងរៀបចំបុណ្យបែបសាសនារបស់ខ្លួនបានជាធម្មតា ប៉ុន្តែត្រូវមានអ្នកចូលរួមតិចជាងមុន រក្សាគម្លាត និងមានស្តង់ដារអនាម័យខ្ពស់។
ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានធ្វើឡើងក្នុងសន្និសីទកាសែតមួយ ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ស្តីពីបច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ពុទ្ធសាសនា។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានអះអាងថា «ទាក់ទិននឹងប្រពៃណី ដូចជាថ្ងៃសិល៍ បុណ្យសាសនាដែលបានកំណត់គឺយើងជួបជុំតាមប្រពៃណីថ្ងៃសិល៍ គឺយើងថ្វាយបង្គំ ឬសមាទានសិល៍ មិនមានការហាមឃាត់ទេ ប៉ុន្តែត្រូវមានកម្រិតតិចបំផុត សម្រាប់អ្នកទៅសមាទាន និងការចូលរួម ហើយត្រូវរក្សាគម្លាត»។
ទាក់ទងនឹងពិធីផ្សេងៗដូចជាបុណ្យតាមភូមិ បែបព្រះពុទ្ធសាសនា ព្រះសង្ឃនៅតែទទួលធម្មតា ប៉ុន្តែមិនមានការរៀបចំពិធីធំទេ។ ទាក់ទងនឹងរឿងព្រះសង្ឃនិមន្តបិណ្ឌបាត គឺមិនមានការហាមឃាត់ទេ មានការប្រនិបត្តិ ប៉ុន្តែមានចំនួនតិច ហើយពុទ្ធបរិស័ទ ដែលទៅដាក់ចង្ហាន់នេះ គ៏ត្រូវមានការប្រុងប្រយ័ត្នដូចគ្នា។ នេះបើតាម លោកសេង សុមុនី។
អ្នកនាំពាក្យក្រសួងធម្មការ បានអះអាងថា សម្រាប់បុណ្យពិសាខបូជា នៅថ្ងៃ១៥កើត ខាងមុខនេះ មិនមានការជួបជុំធំ នៅទីតាំងរួមរបស់ជាតិដូចឆ្នាំមុនទេ ប៉ុន្តែអាចប្រារព្ធពិធីតាមវត្តអារ៉ាម តាមផ្ទះបាន ខណៈដែលព្រះសង្ឃ នៅតែអនុវត្តតាមវិធានការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងធម្មការ បានអះអាងថា រហូតមកដល់ពេលនេះ ជំងឺកូវីដ១៩ មិនទាន់មានឆ្លងដល់ព្រះសង្ឃអង្គណា នៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ ប៉ុន្តែព្រះសង្ឃក៏នៅតែគោរពប្រនិបត្តចំពោះវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។
ពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងវិស័យពុទ្ធសាសនានេះ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានមានសង្ឃដីកាថា ព្រះអង្គបានណែនាំដល់ ចៅអធិការគ្រប់វត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យសំអាតតាមវត្តអារ៉ាម បាញ់ថ្នាំសម្លាប់មេរោគ២ដង ក្នុង១ថ្ងៃ ដើម្បីការពារកុំឱ្យមានការឆ្លងជំងឺកូវីដ១៩។
ព្រះអង្គបានមានសង្ឃដីកាទៀតថា ព្រះសង្ឃនាពេលបច្ចុប្បន្ននេះ បានចូលរួមអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងបានផ្សព្វផ្សាយអំពីវិធានការនានាដល់ប្រជាពលរដ្ឋផងដែរ៕