(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ បាននាំយកថវិការបស់នាយទាហាន នាយទាហានរង និងពលទាហាននៃយោធភូមិភាគទី៥ ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ថវិកាទាំងអស់ដែលបានពីការចូលរួមបរិច្ចាគរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានសរុបចំនួន ៥៦៦,៤១៦,០០០រៀល។
នៅក្នុងនោះថវិកា ៧១លានរៀល ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល ដែលមានលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលជាអ្នកទទួល។ ដោយឡែកថវិកាចំនួន ៤៩៥,៤១៦,០០០រៀល ត្រូវបានបង់តាមរយៈក្រសួងការពារជាតិជូនដល់ក្រសួងសុខាភិបាល (បង់តាមខែ) ហើយ៥០០០$ ត្រូវបានប្រគល់ជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្តចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់៕