(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមអនុវត្ដគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម ដើម្បីចូលរួមការពារជំងឺកូវីដ-១៩។

ការអំពាវនាវរបស់លោកស្រី ឱ វណ្ណឌីន យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើង និងបង្ហោះរូបភាពពីបងប្អូនអ្នកលេងក្នុងបណ្ដាញសង្គម Facebook ដោយរិះគន់ថា អ្នកដែលទៅទទួលសេវា ប្តូរ ឬពន្យារបណ្ណបើកបរមានការប្រជ្រៀតគ្នាដោយលែងខ្លាចឆ្លងនៃជំងឺកូវីដ-១៩ ទៀតហើយ។

ក្រោយមានការរិះគន់បញ្ហានេះក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរ សមត្ថកិច្ច និងមន្ដ្រីដែលបម្រើការនៅកន្លែងប្ដូរ ឬពន្យារបណ្ណបើកបរនោះក៏បានធ្វើការណែនាំ និងដាក់គម្លាតសុវត្ថិភាព នៃការឈររង់ចាំទទួលសេវា និងបានដាក់ឲ្យប្រើប្រាស់ទឹកអាកុលលាងដៃ ដើម្បីការពារកូវីដ-១៩ ផងដែរ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «សុំស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តជួយសម្របសម្រួល ហើយសូមបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម និងប្រើប្រាស់ម៉ាសនៅពេលចាំបាច់បែបនេះឲ្យបានគ្រប់ៗគ្នា។ វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ ហើយបើយើងធ្វេសប្រហែសបែបនេះ មានហានិភ័យខ្ពស់ណាស់ក្នុងការចម្លងវីរុសនេះពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ដែលនឹងអាចធ្លាក់ចូលទៅសភាពធ្ងន់ធ្ងរ។ សុំចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយលើកិច្ចការពារនេះ កុំឲ្យមានរលកទី២ នៃការចម្លងវីរុសកូវីដ-១៩នេះឲ្យសោះ។ អរគុណនូវការយកចិត្តទុកដាក់ចូលរួមទាំងអស់គ្នា»

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសយកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ ក្នុងការរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការផាកពិន័យទឹកប្រាក់ច្រើន ចំពោះអ្នកល្មើស និងបំពានច្បាប់ចរាចរណ៍ផ្លូវគោក៕