(ភ្នំពេញ)៖ ស្ត្រីម្នាក់បានបាក់ជើង និងបុរសម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីពួកគេទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ឌុបគ្នាដល់ចំណុចផ្លូវកែវ ស្រាប់តែវ៉ាក់អើ ជាមួយរថយន្ត Camry បាឡែនមួយគ្រឿង បណ្តាលឲ្យគេចមិនទាន់ជ្រុលបុកគ្នា ចំពីមុខពេញមួយទំហឹង នៅវេលាម៉ោង១០៖៤៥នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែវនិង ផ្លូវលេខ៩០សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សាក្សីបានរៀបឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សង់ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់សា្លកលេខ 1FF-3621 ជិះឌុបគ្នាធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម។
លុះមកដល់ចំណុចកែវនឹងផ្លូវលេខ៩០ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកCamry បាឡែន ពណ៌ស ពាក់សា្លកលេខ ភ្នំពេញ 2AE-0752 បើកបរធ្វើដំណើរដោយស្ត្រីវ័យចំណាស់ម្នាក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅបញ្ច្រាសគ្នា ដោយបើកឆ្លងផ្លូវបំណងឆ្ពោះទៅកាន់ផ្លូវលេខ៩០ ប៉ុន្តែពេលនោះ រថយន្តមិនបានបើកភ្លើងស៊ីញ៉ូ ដើម្បីឲ្យសញ្ញាប្រាប់ថា ឆ្លងផ្លូវជាហេតុធ្វើ ឲ្យភាគីខាងម៉ូតូស្មានតែរថយន្តមិនបត់ ទើបបើកលឿនជ្រុលបុកផ្ទប់ពីមុខ រថយន្តពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ ដែលរួមដំណើរពីក្រោយ រងរបួសបាក់ ជើងខាងស្តាំ ត្រូវបញ្ចូនទៅសង្គ្រោះភ្លាមៗ ចំណែកបុរសជាអ្នកឌុបត្រូវរងរបួសស្រាល។
រីឯម៉ូតូ និងរថយន្តត្រូវរងការខូចខាតផ្នែកខាងមុខដូចគ្នា។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចុះអន្តរាគមន៍ វាស់វែងយកទាំងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕