(ភ្នំពេញ)៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៣ផ្ទាំង បានបាក់រប៉ាត់រប៉ាយ បន្ទាប់ពីមានរថយន្តដឹកដីធុនធំមួយគ្រឿង ម៉ាកមីស៊ុយប៊ីស៊ី បើកដោយបុសម្នាក់ក្នុងល្បឿនលឿន មិនប្រយ័ត្នរេចង្កូតជ្រុលបុករះពេញទំហឹង នៅម៉ោង១១៖៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវសហ័ពន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ភ្នាក់ងារ Fresh News បានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើករថយន្តដឹកដីធុនធំមួយគ្រឿង ពណ៌ខៀវ ពាក់សា្លកលេខ 3B-4415 តាមបណ្តោយផ្លូវ២០១១ ឆ្ពោះឡើងទៅកាន់ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះរថយន្តឆ្លង ជិតផុតទៅហើយ ស្រាប់តែរេចង្កូតបុករបាំងដែកចែកទ្រូងផ្លូវ ពេញទំហឹងតែម្តងបណ្តាលឲ្យបាក់អស់៣ផ្ទាំង។ ចំណែករថយន្តបង្កបានរងការខូចខាតយ៉ាងដំណំផងដែរ។
បន្ទាប់ពីកើតហេតុភ្លាមៗ បុរសជាអ្នកបើករថយន្តបង្ក បានបើកទ្វាររថយន្តចេញមកក្រៅ រួចរត់គេចបាត់ស្រមោលសូន្យឈឹង។ រថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកវាស់វែងអូសយកទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕